(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះបានអះអាងថាការធ្វើតេស្ដមួយ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ គឺដើម្បីអភិវឌ្ឍប្រព័ន្ធផ្កាយរណបស៊ើបការណ៍។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA មិនបានបញ្ជាក់លម្អិតថាតើប្រភេទរ៉ុក្កែតអ្វីដែលត្រូវបានប្រើប្រាស់ នៅក្នុងការ បាញ់សាកល្បងខាងលើឡើយ។ ប៉ុន្តែ អាជ្ញាធរនៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថាវាទំនងជាមីស៊ីលបាលិស្ទីគ ហើយត្រូវបានបាញ់ចេញ ពីតំបន់មួយស្ថិតនៅក្បែរទីក្រុងព្យុងយ៉ាង។

នេះជាការធ្វើតេស្ដលើកទី៨ នៅក្នុងឆ្នាំ២០២២នេះ និងជាលើកដំបូងចាប់តាំងខែមករាមក ជាពេលដែលទីក្រុងព្យុងយ៉ាង ធ្វើតេស្ដមីស៊ីលឥត ទំនេរដៃ។ ការធ្វើតេស្ដមីស៊ីលលើកចុងក្រោយបំផុតរបស់កូរ៉េខាងជើង ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា ជាមួយប្រភេទមីស៊ីលបាលិស្ទីគរយៈ ចម្ងាយមធ្យម វ៉ាសុង-១២ (Hwasong-12)។

គួរបញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធផ្កាយរណបស៊ើបការណ៍យោធា គឺស្ថិតនៅក្នុងបច្ចេកវិទ្យាដែលលោក គីម ជុងអ៊ុន កាលពីឆ្នាំ២០២១ បានអំពាវនាវឱ្យបង្កើនការអភិវឌ្ឍ ក្នុងនោះរួមទាំងការធ្វើតេស្ដអាវុធល្បឿនលឿនជាងសំឡេងផងដែរ៕