(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះ ប្រាប់បណ្តាមន្ត្រីជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ថា ប្រទេសចិនគោរពអធិបតេយ្យភាពនៃប្រទេសនានា ក្នុងនោះរួមទាំងប្រទេសអ៊ុយក្រែនផងដែរ ប៉ុន្តែការព្រួយបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ី ចំពោះការបង្កើនវត្តមាន NATO នៅតំបន់ភាគខាងកើត (អឺរ៉ុប) នោះ ក៏គួរឆ្លើយតបឲ្យបានសមរម្យដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

បន្ទាប់ពីមានការព្រមានអស់ជាច្រើនសប្តាហ៍ ពីសំណាក់មេដឹកនាំលោកខាងលិច, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបើកការឈ្លានពានលើអ៊ុយក្រែន ចាប់ពីភាគខាងជើង ភាគខាងកើត និងភាគខាងត្បូង ចាប់តាំងពីព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ដែលត្រូវបានគេមើលឃើញថា ជាការវាយប្រហារទ្រង់ទ្រាយធំបំផុត លើប្រទេសអឺរ៉ុបមួយ គិតចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ។

ជុំវិញបញ្ហាខាងលើនេះ, រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានថ្លែងកាលពីថ្ងៃសុក្រថា ស្ថានភាពបច្ចុប្បន្ននៅអ៊ុយក្រែន មិនមែនជាអ្វីដែលទីក្រុងប៉េកាំងចង់ឃើញនោះទេ ហើយថាចិនស្វាគមន៍ការបើកកិច្ចសន្ទនា ដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់តាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសចិនបានឱ្យដឹងថា «ប្រទេសចិនតែងតែប្រកាន់ខ្ចាប់ យ៉ាងម៉ឺងម៉ាត់នូវការគោរព និងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់។ ជំហរនេះ ក៏អនុវត្តដូចគ្នាទៅនឹងបញ្ហាអ៊ុយក្រែនដែរ»

ដោយឡែក, កាលពីថ្ងៃសុក្រម្សិលមិញនេះ នៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទ, ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានជំរុញសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថា ទីក្រុងម៉ូស្គូគួរតែចរចាជាមួយរដ្ឋាភិបាលក្នុងទីក្រុងកៀវ។ តែយ៉ាងណា, មិនមាននរណាអាចស្មានដឹងថា តើកិច្ចចរចាអាចនឹងប្រព្រឹត្តទៅនៅពេលណា និងអាចទៅរួចដែរ ឬមួយក៏អត់នោះឡើយ៕