(ឡុងដ៍)៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេស នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅទីក្រុងឡុងដ៍) បានបញ្ជាឲ្យបង្កកទ្រព្យសម្បត្តិទាំងអស់ របស់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ដែលមាននៅអង់គ្លេស ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

រតនាគារអង់គ្លេសបានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ប្រឆាំងនឹងលោក ពូទីន និងលោក ឡាវរ៉ូវ ដោយបន្ថែមពួកគេទៅក្នុងបញ្ជីនៃ «ក្រុមមនុស្សមានឥទ្ធិពលនៅរុស្ស៊ី» ដែលមានទ្រព្យសម្បត្តិ និងគណនីធនាគាររបស់ពួកគេ នៅក្នុងចក្រភពអង់គ្លេស ដែលត្រូវបានបង្កករួចហើយ។

នៅមុនចំណាត់ការថ្មីខាងលើនេះកើតឡើងបន្តិច, នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន (Boris Johnson) បានប្រាប់ប្រទេសជាដៃគូរបស់លោក នៅអង្គការ NATO ថា លោកកំពុងរៀបចំផែនការដាក់ទណ្ឌកម្មក្នុងពេលឆាប់ៗ ដើម្បីប្រឆាំងនឹងលោក ពូទីន និងលោក ឡាវរ៉ូវ។

ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងទៀតថា លោក Johnson បានប្រាប់សមភាគីនានារបស់លោកថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគឺជា «មហន្តរាយ» ហើយមេដឹកនាំរុស្ស៊ីកំពុងតែព្យាយាម អូសទាញសម័យសង្គ្រាមត្រជាក់ ឲ្យត្រឡប់មកវិញ។ នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ក៏បានព្រមានលោក ពូទីន ឲ្យបញ្ឈប់ត្រឹមនេះផងដែរ ព្រោះរុស្ស៊ីអាចនឹងត្រូវប្រឈមមុខចំពោះ ការកាត់ផ្តាច់ចេញពីប្រព័ន្ធផ្ទេរប្រាក់នៃធនាគារអន្តរជាតិ ស្វីហ្វត៍ (SWIFT) ដែលនឹងធ្វើឲ្យទីក្រុងម៉ូស្គូ រងការឈឺចាប់ដល់កម្រិតកំពូល៕