(ហ្សឺណែវ)៖ ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈនេះថា កង្វះខាតប្រេងឥន្ធនៈ សាច់ប្រាក់ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត នៅក្នុងតំបន់មួយចំនួននៃអ៊ុយក្រែន បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន អាចបណ្តាលឱ្យមនុស្សរហូតដល់៥លាននាក់ ភៀសខ្លួនទៅក្រៅប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។

អ្នកនាំពាក្យ UNHCR លោក Shabia Mantu បាននិយាយថា យ៉ាងហោចណាស់មនុស្ស១០០,០០០នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលមនុស្សរាប់មុឺននាក់ផ្សេងទៀតបានចូលទៅក្នុងប្រទេសជិតខាងរួមមានដូចជា ប្រទេសម៉ុលដាវី រូម៉ានី និងប៉ូឡូញជាដើម។

លោក Mantu បានប្រាប់សន្និសីទខ្លីរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា «យើងអាចប៉ាន់ប្រមាណបានថា នឹងមានមនុស្សពី១ ទៅ៣លាននាក់ឆ្លងចូលប្រទេសប៉ូឡូញ ហើយពី១ ទៅ៥លាននាក់សម្រាប់ប្រទេសជុំវិញទាំងអស់»៕