(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន៧៨,៧៩៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
រដ្ឋធានីហាណូយ ដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន៩,៨៣៦ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន២,២០៦ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Quảng Ninh មានចំនួន៤,៦១៥ករណី, ខេត្ត Bắc Giang ៣,៥៦៣ករណី និងខេត្ត Tuyên Quang ២,៧៩៧ករណី។
ក្នុងរបាយការណ៍ថ្ងៃសុក្រនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន៧៨នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន៣,១២០,៣០១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២,៣៥៥,៦១៩នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន៣៩,៩៦២នាក់៕