(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះ បានចេញមុខអំពាវនាវក្រុមប្រទេសលោកខាងលិច បោះបង់ចោលនូវផ្នត់គំនិតបែបសម័យសង្រ្គាមត្រជាក់ ជុំវិញវិបត្តិអ៊ុយក្រែន ដែលកំពុងស្ថិតក្នុងស្ថានភាពក្តៅគគុកជាទីបំផុត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ិន (Wang Wenbin) បានលើកឡើងថា ចិននៅតែបន្តប្រកាន់គោលជំហរដដែលថា គំនិតបែបសង្រ្គាមត្រជាក់ គួរតែត្រូវបោះបង់ចោលទាំងស្រុង ហើយយន្តការសន្តិសុខថ្មីមួយរបស់អឺរ៉ុប ដែលមានតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព គួរតែបង្កើតឡើង តាមរយៈកិច្ចសន្ទនានិងកិច្ចចរចា។ អ្នកនាំពាក្យចិនរូបនេះបានបន្តទៀតថា ចិនទទូចឱ្យគ្រប់ភាគីទាំងអស់ ផ្តល់ការគោរពចំពោះក្តីកង្វល់ផ្នែកសន្តិសុខរបស់គ្នាទៅវិញទៅមក ហើយប្រឆាំងដាច់ខាតចំពោះសកម្មភាព ដែលជំរុញឱ្យមានសង្រ្គាម។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលជាថ្ងៃដំបូងនៃការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៉ីទៅលើអ៊ុយក្រែន រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាគ្នាតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្កៃ ឡាវរ៉ូវ (Sergei Lavrov)។ នាឱកាសនោះ លោក Lavrov បានរៀបរាប់អំពីស្ថានការណ៍វិវត្តនៅអ៊ុយក្រែន រួមជាមួយគោលជំហររបស់រុស្ស៉ីប្រាប់លោក វ៉ាង ខណៈលោកប្រមុខការទូតចិន បាននិយាយថា ចិនទទួលស្គាល់នូវបរិបទប្រវត្តិសាស្រ្ត ដែលពោរពេញដោយភាពស្មុគស្មាញពិសេសនៃបញ្ហាអ៊ុយក្រែន ហើយទីក្រុងប៉េកាំង ក៏យល់អំពីក្តីបារម្ភសមហេតុផល ទាក់ទងនឹងបញ្ហាសន្តិសុខរបស់រុស្ស៉ីផងដែរ៕