(វ៉ាស៉ីនតោន)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក ឈីន ហ្កាង (Qin Gang) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានទទូចឱ្យ ទីក្រុងវ៉ាស៉ីនតោនចូលរួមសហការគ្នាជាមួយទីក្រុងប៉េកាំង ដើម្បីប្រឆាំងក៏ដូចជាគ្រប់គ្រង ចលនាទាមទារឯករាជ្យនៅឯកោះតៃវ៉ាន់ ដែលប្រទេសចិនចាត់ទុកត្រឹមជាខេត្តមួយរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Qin បានសង្កត់ធ្ងន់ថា គោលការណ៍ចិនតែមួយ គឺជាមូលដ្ឋានគ្រឹះនយោបាយដែលមិនអាចរង្គោះរង្គើបាន សម្រាប់ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក និងជាខ្សែបន្ទាត់ក្រហម ដែលអាចឈានជើងរំលងដាច់ខាត។ បើតាមលោក Qin ប្រទេសចិននឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីសម្រេចបានការបង្រួបបង្រួមគ្នាដោយសន្តិភាព ប៉ុន្តែក្រុមចលនាចង់បានឯករាជ្យនៅកោះតៃវ៉ាន់ គឺជាឧបសគ្គដ៏ធំបំផុតសម្រាប់បេសកកម្មនេះ។

ដូច្នេះហើយលោក Qin បានទទូចដល់សហរដ្ឋអាមេរិកយ៉ាងដូច្នេះថា «ប្រសិនបើបណ្តោយឱ្យពួកគេ (ក្រុមចង់បានឯករាជ្យនៅតៃវ៉ាន់) បន្តដើរលើផ្លូវដ៏គ្រោះថ្នាក់នេះទៀត ហានិភ័យសម្រាប់ភាពតានតឹងនឹងកាន់តែខ្ពស់។ ហេតុនេះដើម្បីរក្សាសុខសន្តិភាពនិងស្ថិរភាព ភាគីអាមេរិកគួរតែគោរពការប្តេជ្ញារបស់ខ្លួនជុំវិញបញ្ហាតៃវ៉ាន់ ហើយធ្វើការជាមួយចិន ដើម្បីឆ្ពោះទៅប្រឆាំងនិងគ្រប់គ្រងចលនាទាមទារឯករាជ្យនៅដែនកោះនេះ»

គួរបញ្ជាក់ថា លោកអគ្គរដ្ឋទូតចិនបានធ្វើការអត្ថាធិប្បាយដូចខាងលើ កំលុងការថ្លែងសុន្ទរកថានៅឯពិធីមួយ ដែលត្រូវបានប្រារព្ធឡើងនៅរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក សម្រាប់ឱកាសគម្រប់ខួបទី៥០ នៃដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីអាមេរិក លោក រីឆាដ ណិចសុន (Richard Nixon) ទៅកាន់ប្រទេសចិន៕