(សិង្ហបុរី)៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសសិង្ហបុរី លោកស្រី ខេធើរីណា ហ្សេលែនកូ (Kateryna Zelenko) នៅថ្ងៃសុក្រនេះបានថ្លែងថា លោកស្រីអរគុណយ៉ាងជ្រាលជៅ ចំពោះការគាំទ្រដ៏រឹងមាំពីសំណាក់រដ្ឋាភិបាលសិង្ហបុរី ខណៈដែលលោកស្រីបានជំរុញសហគមន៍អន្តរជាតិ ឱ្យងើបឈរឡើងរួមគ្នា ដើម្បីប្រឆាំងនឹងប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

តាមរយៈសេចក្តីថ្លែងការណ៍មួយតាមប្រព័ន្ធវីដេអូ លោកស្រី Kateryna Zelenko បានថ្លែងយ៉ាងដូច្នេះថា «យើងជំរុញសហគមន៍អន្តរជាតិ ឱ្យបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន ដោយដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងររួមគ្នាភ្លាមៗ ប្រឆាំងនឹងប្រទេសរុស្ស៊ី»

គួរបញ្ជាក់ថា ការថ្លែងរបស់លោកស្រី Kateryna Zelenko នៅថ្ងៃសុក្រនេះ បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) បានប្រកាសថា ការវាយប្រហារដោយរុស្ស៊ីចូលមកក្នុងទឹកដីអ៊ុយក្រែន ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានផ្តាច់ជីវិតមនុស្ស ១៣៧នាក់ និងជាង ៣០០នាក់ទៀតរងរបួស ខណៈមនុស្សជាង ១០០,០០០នាក់បានរត់ភៀសខ្លួន ចេញពីលំនៅឋាន និងខ្លះយកផ្លូវរថភ្លើងក្រោមដី ធ្វើជាកន្លែងជ្រកកោណបណ្តោះអាសន្ន៕