(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ីបានឱ្យដឹងថា មនុស្សយ៉ាងហោចចំនួន២នាក់ បានបាត់បង់ជីវិត បន្ទាប់ពីគ្រោះរញ្ជួយមួយកម្រិត ៦.២រ៉ិចទ័រ បានអង្រួនកោះស៊ូម៉ាត្រា នៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ចំណុចរំញ័រនៃហេតុការណ៍រញ្ជួយផែនដីខាងលើ បានកើតឡើងនៅម្តុំភាគខាងជើង នៃកោះស៊ូម៉ាត្រា ក្នុងខេត្តស៊ូម៉ាត្រាខាងលិច និងមានជម្រៅ១២គីឡូម៉ែត្រក្រោមផ្ទៃដី។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៉ី បានឱ្យដឹងថា មនុស្ស២នាក់ បានបាត់បង់ជីវិត ហើយអគាររដ្ឋាភិបាល លំនៅឋាន និងសំណង់មួយចំនួនទៀត បានទទួលរងការខូចខាត។ យ៉ាងណាក្តី វាពុំបានបង្កហានិភ័យនៃរលកស៊ូណាមិឡើយ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីនោះក៏បានជះឥទ្ធិពលរបស់វា ដល់ខេត្តក្បែរមួយចំនួនទៀត នៅក្នុងប្រទេសឥណ្ឌូណេស៉ីផ្ទាល់ ក៏ដូចជាទៅដល់ម៉ាឡេស៉ីនិងសិង្ហបុរីផងដែរ។ ឥណ្ឌូណេស៉ី ជាប្រទេសមួយ ដែលស្ថិតក្នុងតំបន់ងាយទទួលរងសកម្មភាពរញ្ជួយផែនដី និងបន្ទុះភ្នំភ្លើងជាញឹកញាប់ ដែលគេហៅថា តំបន់ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៉ីហ្វិក ជាពិសេសគឺនៅកោះស៊ូម៉ាត្រាតែម្តង៕