(បរទេស)៖ ក្រុម Hacker «អនាមិក» បានប្រកាស «សង្គ្រាមអ៉ីនធឺណិត» ប្រឆាំងនឹងប្រទេសរុស្ស៉ីដោយអះអាងថា បានបិទគេហទំព័ររដ្ឋាភិបាលរុស្ស៉ីជាច្រើន រួមនឹងគេហទំព័រសារព័ត៌មាន RT ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជា សារព័ត៌មានបម្រើឱ្យរដ្ឋាភិបាលរុស្ស៉ី។

គណនីអនាមិកមួយបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ថា ពួកគេតំណាងឱ្យក្រុមអនាមិក និងសូមប្រកាសថា ពួកគេ សូមប្រកាសសង្គ្រាមអ៉ីនធឺណិតជាផ្លូវការប្រឆាំងនឹងរដ្ឋាភិបាលរុស្ស៉ី និងបាន Hack គេហទំព័រជាច្រើនរបស់រុស្ស៉ី ដើម្បីជាការឆ្លើយតបទៅនឹងសកម្មភាពយោធាទៅលើប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ផងដែរថា គេហទំព័ររបស់រដ្ឋាភិបាលរុស្ស៉ី វិមានក្រឹមឡាំង ឌូម៉ា ក្រសួងការពារជាតិ និង RT ទាំងអស់ត្រូវបានរងផលប៉ះពាល់ដោយការវាយប្រហារតាមអ៊ីនធឺណិត ដោយគេហទំព័រមួយចំនួនមានការយឺតយ៉ាវ ហើយគេហទំព័រខ្លះទៀតមិនអាចបើកបាន ឬគាំង៕