(តៃប៉ិ)៖ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក ស៊ូ ត្សេងចាង (Su Tseng-chang) បានថ្លែងនៅថ្ងៃសុក្រនេះថា កោះនេះនឹងចូលរួមជាមួយ បណ្តាប្រទេសប្រជាធិបតេយ្យផ្សេងៗទៀត ដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ឆ្លើយតបនឹងការឈ្លានពានប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

យ៉ាងក៏ដោយ, នាយករដ្ឋមន្ត្រីតៃវ៉ាន់ខាងលើនេះ មិនបានបញ្ជាក់នៅឡើយទេថា តើកោះតៃវ៉ាន់នឹងដាក់ទណ្ឌកម្មអ្វីទៅលើរុស្ស៊ី ឬក៏នឹងចូលរួមជាមួយប្រទេសណាខ្លះនោះ។ កោះតៃវ៉ាន់ត្រូវបានគេមើលឃើញថា កំពុងសម្លឹងមើលការវិវឌ្ឍស្ថានការណ៍រវាងរុស្ស៊ី និងអ៊ុយក្រែន មិនឲ្យផុតពីក្រសែភ្នែកនោះឡើយ ខណៈកោះនេះនៅតែកំពុងស្ថិតក្នុង ទំនាក់ទំនងដ៏តានតឹងជាមួយមហាយក្សចិន។

លោក Su Tseng-chang បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងតៃប៉ិយ៉ាងដូច្នេះថា «យើងសូមថ្កោលទោសយ៉ាងពេញទំហឹង ចំពោះទង្វើឈ្លានពានបែបនេះ ហើយនឹងរួបរួមជាមួយប្រទេសប្រជាធិបតេយ្យនានា ដើម្បីចូលរួមដាក់ទណ្ឌកម្ម (លើរុស្ស៊ី)»

ដោយឡែក, រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោកស្រី វ៉ាង ម៉ីហ័រ (Wang Mei-hua) បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅពេលបន្ទាប់មកទៀតថា កោះនេះនឹងពិនិត្យយ៉ាងតឹងរ៉ឹង លើការនាំចេញទៅកាន់រុស្ស៊ី និងសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត ដើម្បីចាត់វិធានការទៅថ្ងៃមុខ។ ទោះជាបែបនេះក្តី, រដ្ឋមន្ត្រីតៃវ៉ាន់រូបនេះ នៅតែមិនបានបញ្ជាក់អំពីប្រភេទទណ្ឌកម្ម ដែលតៃវ៉ាន់អាចដាក់លើរុស្ស៊ី និងសម្ព័ន្ធមិត្តណាខ្លះដែលតៃវ៉ាន់ អាចធ្វើការជាមួយលើបញ្ហានេះដដែល៕