(កៀវ)៖ យោធាអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថាកងទ័ពរុស្ស៊ី និងបេឡារុស បាន និងកំពុងបើកការវាយប្រហារលើយោធារបស់ខ្លួន នៅតាមតំបន់ព្រំដែន ចេញពីទឹកដីបេឡារុស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
បើតាមយោធាអ៊ុយក្រែន តំបន់ព្រំដែនអ៊ុយក្រែនកំពុងរងការវាយប្រហារពីកាំភ្លើងធំ, រថក្រោះ និងអាវុធជាច្រើនទៀត នៅម៉ោងប្រហែល ៥ព្រឹក មិញនេះ (ម៉ោងនៅក្នុងតំបន់) ពីសំណាក់កងទ័ពរុស្ស៊ី ដែលមានការគាំទ្រពីកងទ័ពបេឡារុស។ ការវាយប្រហារនេះកំពុងធ្វើឡើងតំបន់ព្រំដែន ភាគឦសានរបស់អ៊ុយក្រែន ក្នុងនោះរួមមានតំបន់ Chernigiv, Zhitomirsky និងតំបន់ក្បែររដ្ឋធានីកៀវជាដើម។
អ៊ុយក្រែន បានហៅការវាយប្រហាររបស់រុស្ស៊ីគឺជាសកម្មភាពសង្រ្គាម និងជាការឈ្លានពានពេញលេញមកលើបូរណភាពទឹកដី និងអធិបតេយ្យ ភាពអ៊ុយក្រែន ខណៈសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចបានថ្កោលទោសរុស្ស៊ី ជាមួយការអំពាវនាវឱ្យលោក ពូទីន បញ្ឈប់ការ វាយប្រហារជាបន្ទាន់៕