(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានដាក់ការស្នើផ្ទាល់ខ្លួនមួយ ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ថា «កុំបើកការវាយប្រហារអ៊ុយក្រែន» ប៉ុន្តែនៅប៉ុន្មាននាទីក្រោយមកប៉ុណ្ណោះ លោក ពូទីន បានប្រកាសចេញជាផ្លូវការនូវ «ប្រតិបត្តិការយោធា» ចូលទៅកាន់តំបន់ ដុនបាស (Donbass) ភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ផ្តាច់ខ្លួនចំនួន ២ គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យនៅក្នុងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

នៅមុនការសម្រេចចិត្តរបស់លោក ពូទីន កើតឡើង, លោក ហ្គូទែរែស បានបង្ហាញការស្នើផ្ទាល់ខ្លួនមួយ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ទៅកាន់លោក ពូទីន ថា «លោកប្រធានាធិបតី ពូទីន, សូមបញ្ឈប់កងទ័ពរបស់អ្នក ពីការវាយប្រហារអ៊ុយក្រែន, សូមផ្តល់ឱកាសនៃការបង្កើតសន្តិភាព, មនុស្សច្រើននាក់ហើយបានបាត់បង់ជីវិត»។ កិច្ចប្រជុំរបស់ UNSC នេះបានកើតមានឡើង ៣ថ្ងៃ បន្ទាប់ពីទីក្រុងម៉ូស្គូ បានប្រកាសទទួលស្គាល់តំបន់ Donetsk និង Luhansk ជារដ្ឋឯករាជ្យ។

គួរបញ្ជាក់ថា ខណៈដែលមេដឹកនាំពិភពលោក កំពុងផ្តោតការចាប់អារម្មណ៍ ចំពោះសេចក្តីថ្លែងការណ៍ ពីអគ្គលេខាធិការ UN ខាងលើនេះ ស្រាប់តែប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើល តាមរយៈសេចក្តីថ្លែងការណ៍មួយលើកញ្ចក់ទូរទស្សន៍ ដោយក្នុងនោះលោកបានប្រកាសចេញនូវ «ប្រតិបត្តិការយោធា» ទៅកាន់តំបន់ Donbass ភាគខាងកើតអ៊ុយក្រែនតែម្តង។ យ៉ាងណាក៏ដោយ ទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច កំពុងត្រៀមចំណាត់ការបន្ថែម ដើម្បីដាក់សង្កត់លើរុស្ស៊ី ហើយវានឹងកើតឡើងក្នុងពេលឆាប់ៗ៕