(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃពុធ ទី២៣ ខែកុម្ភៈនេះ បានធ្វើតេស្តសាកល្បងប្រព័ន្ធស្ទាក់ចាប់មីស៊ីលរយៈចម្ងាយឆ្ងាយពីដីទៅអាកាស មួយខែបន្ទាប់ពីកូរ៉េខាងជើងបានតេស្តសាកល្បងកាំជ្រួច ដែលមានកម្លាំងខ្លាំងដែលមានសមត្ថភាពអាចគេចពីប្រព័ន្ធការពារបាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែកម្ភៈ ឆ្នាំ២០២២។

ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា ប្រព័ន្ធ L-SAM ត្រូវបានបាញ់បង្ហោះដោយជោគជ័យ ពីកន្លែងសាកល្បងនៅតំបន់ Taean ស្ថិតចម្ងាយ១៥០គីឡូម៉ែត្រ ភាគនិរតី នៃរដ្ឋធានីសេអ៊ូល។ ប៉ុន្តែ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបដិសេធមិនបញ្ជាក់របាយការណ៍នេះទេ។

គួរបញ្ជាក់ថា ភាព តានតឹង អន្តរជាតិ បាន និង កំពុង កើនឡើង ជុំវិញ ការ សាកល្បង មីស៊ីល ផ្លោង របស់ កូរ៉េខាងជើង ជា បន្តបន្ទាប់ នាពេល ថ្មីៗ នេះ។ កាលពីខែមករា គឺជាខែកំណត់ត្រាមួយសម្រាប់ការសាកល្បងបែបនេះ ដោយមានការបាញ់បង្ហោះយ៉ាងហោចណាស់ចំនួន៧ដង រួមទាំងការតេស្តសាកល្បងមីស៊ីលប្រភេទថ្មី ដែលជាមីស៊ីលល្បឿនលឿនពិបាកក្នុងការស្ទាក់ចាប់៕