(តែលអាវីវ)៖ ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានប្រកាសថា ប្រទេសអ៉ីស្រាអែលនឹងចាប់ផ្តើមបើក ទទួលភ្ញៀវទេសចរគ្រប់រូប ដោយមិនខ្វល់ថា ពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឬក៏អត់នោះឡើយ ពីថ្ងៃទី០១ ខែមីនា ខាងមុខនេះតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

យ៉ាងណាក្តី សេចក្តីថ្លែងការណ៍ខាងលើ បានសង្កត់ធ្ងន់ថា ការធ្វើដំណើរចូលទៅកាន់អ៉ីស្រាអែល នឹងនៅតម្រូវឱ្យមានការធ្វើតេស្តតាមម៉ាស៉ីន PCR ចំនួន២ដងដដែល គឺមួយលើកមុនពេលចេញដំណើរ និងមួយលើកទៀតពេលមកដល់ព្រលានយន្តហោះ នៅអ៉ីស្រាអែល។ បច្ចុប្បន្ននេះ មានតែជនបរទេសដែលចាក់វ៉ាក់សាំងរួចរាល់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលអ៉ីស្រាអែល។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានបិទព្រំប្រទល់លែងទទួលជនបរទេស កាលពីខែមីនា ឆ្នាំ២០២០ ពោលគឺតាំងពីពេលដំបូងៗនៃការផ្ទុះឡើងនូវជំងឺ COVID-19 នៅពាសពេញពិភពលោក។ ក្នុងខែមករាកន្លងទៅ ទេសចរប្រមាណ៤៦,០០០នាក់ បានធ្វើដំណើរទៅអ៉ីស្រាអែល ដែលជាការកើនឡើងពី៧,៨០០នាក់ កាលពីកំលុងខែដូចគ្នានៃឆ្នាំ២០២១ ប៉ុន្តែវានៅទាបខ្លាំងណាស់ បើធៀបជាមួយចំនួនទេសចរជាង ៣៣៣,០០០នាក់ កាលពីក្នុងខែមករា ឆ្នាំ២០២០៕