(ហុងឌូរ៉ាស)៖ សហរដ្ឋអាមេរិក បានស្នើសុំឱ្យរដ្ឋាភិបាលនៃប្រទេសហុងឌូរ៉ាស ចាប់ខ្លួនអតីតប្រធានាធិបតី លោក ហ័ន អ័រលែនដូ ហឺណាន់ដែស (Juan Orlando Hernandez) ខណៈមានការរំពឹងថាលោកអាចនឹងត្រូវបានគេធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។
ជុំវិញការស្នើសុំនេះដែរ, ខាងក្រសួងការបរទេសហុងឌូរ៉ាស បានឱ្យថាខ្លួនទទួលបានការជូនដំណឹងពីតុលាការកំពូលថាស្ថានទូតអាមេរិក បានស្នើឱ្យ អាជ្ញាធរហុងឌូរ៉ាស ចាប់ខ្លួន និងធ្វើបត្យាប័នអ្នកនយោបាយហុងឌូរ៉ាសម្នាក់ ដោយមិនបានបញ្ជាក់ពីអត្តសញ្ញាណឡើយ។ ប៉ុន្តែ អនុប្រធានាធិបតី ហុងឌូរ៉ាស់បច្ចុប្បន្ន គឺលោក សាល់វ៉ាដ័រ ណាស្រ្តាឡា (Salvador Nasralla) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថាអ្នកនយោបាយរូបនោះគឺលោក Hernandez។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាលោក Hernandez ដែលបានចាកចេញពី តំណែងកាលពីថ្ងៃទី២៧ ខែមករាកន្លងទៅនេះ ត្រូវបានបញ្ចូលកាលពីឆ្នាំមុនទៅក្នុងបញ្ជីឈ្មោះនៃក្រុមបុគ្គលដែលត្រូវបានចោទប្រកាន់ ពីបទពុករលួយ និងបំផ្លាញប្រជាធិតេយ្យនៅក្នុងប្រទេស អែល សាល់វ៉ាដ័រ, ហ្កាតេម៉ាឡា និងហុងឌូរ៉ាស។ ប៉ុន្តែ លោក Hernandez ផ្ទាល់បានច្រានចោលការចោទប្រកាន់ទាំងនេះ៕