(ម៉ូស្គូ)៖ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចយ៉ាងបន្ទាន់ នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន, អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) នឹងត្រូវបន្តដំណើរទៅកាន់ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះតែម្តង ដើម្បីស្វែងរកដំណោះស្រាយផ្នែកការទូត ក្នុងន័យបញ្ចៀសសង្រ្គាមនៅអ៊ុយក្រែន ខណៈដែលបណ្តាប្រទេសលោកខាងលិច និងរុស្ស៊ី កំពុងបង្ហាញក្តីសង្ឃឹមនៅឡើយថា នឹងអាចបន្ធូរបន្ថយ ការប្រឈមមុខដាក់គ្នាដ៏តានតឹងនេះ តាមរយៈមធ្យោបាយការទូត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

កិច្ចពិភាក្សារបស់អធិការបតីអាល្លឺម៉ង់ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលនឹងកើតឡើងនៅថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងម៉ូស្គូ) គឺជាជំនួបចុងក្រោយបង្អស់ ក្នុងដំណាក់កាលនៃការព្យាយាម ដោះស្រាយបញ្ហាដ៏តានតឹងតាមរយៈផ្លូវការទូត ដើម្បីរារាំងមេដឹកនាំរុស្ស៊ីរូបនេះ ពីការសម្រេចចិត្តវាយប្រហារប្រទេសអ៊ុយក្រែន។

មេដឹកនាំលោកខាងលិចបានចាត់ទុក ការបង្កើនវត្តមានកងទ័ព និងសព្វាវុធរុស្ស៊ី នៅតាមព្រំដែនរបស់រុស្ស៊ី កៀកនឹងអ៊ុយក្រែនជាស្រេចនោះថា ជាការគំរាមកំហែងដ៏អាក្រក់បំផុត ចំពោះសន្តិសុខរបស់ទ្វីបអឺរ៉ុបទាំងមូល គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក ហើយអឺរ៉ុប និងសម្ព័ន្ធមិត្តក៏បានរៀបចំ «កញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំមហិមា» រួចរាល់ផងដែរ ដើម្បីត្រៀមឆ្លើយតបទៅនឹងការវាយប្រហារណាមួយ លើប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា ខណៈដែលមន្ត្រីចារកម្មនៃបណ្តាប្រទេសលោកខាងលិច បានព្រមានថា ថ្ងៃពុធសប្តាហ៍នេះអាចនឹងក្លាយជាថ្ងៃចាប់ផ្តើម នៃការឈ្លានពានអ៊ុយក្រែនពីសំណាក់រុស្ស៊ីនោះ, លោក ពូទីន និងរដ្ឋមន្ត្រីការបរទេស ព្រមទាំងរដ្ឋការពារជាតិរបស់លោកផងដែរ ហាក់ដូចជាបានថ្លែងដោយផ្តល់ក្តីសង្ឃឹម ជុំវិញការកាត់បន្ថយភាពតានតឹង តាមរយៈកិច្ចសន្ទនាការទូត។ ជាក់ស្តែង, អំឡុងកិច្ចប្រជុំកាលពីថ្ងៃចន្ទសប្តាហ៍នេះ ជាមួយលោក ពូទីន, រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានបង្ហើបថា «ឱកាសតែងតែមាន» ក្នុងការឈានដល់កិច្ចព្រមព្រៀង ជាមួយលោកខាងលិចជុំវិញបញ្ហាអ៊ុយក្រែន៕