(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក យ៉ូស៊ិម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) បានថ្លែងនៅថ្ងៃអង្គារនេះថា ជប៉ុនអាចនឹងបោះជំហានទៅមុខ ដោយការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ប្រសិនបើប្រទេសនេះ ជ្រើសរើសយកការឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Yoshimasa Hayashi បានគូសបញ្ជាក់ តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុងតូក្យូថា «អ្វីដែលជាអទិភាព និងសំខាន់បំផុតពេលនេះ គឺប្រទេសជប៉ុនកំពុងស្វះស្វែងរកដំណោះស្រាយ តាមរយៈកិច្ចសន្ទនាការទូត។ ប៉ុន្តែ, ប្រសិនបើការវាយប្រហារដោយរុស្ស៊ី (លើអ៊ុយក្រែន) កើតឡើង នោះជប៉ុននឹងបោះជំហានដែលអាចទៅរួច ក្នុងការដាក់ទណ្ឌកម្ម ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលបានកើតមានឡើងជាក់ស្តែង តាមរយៈកិច្ចសម្របសម្រួលជាមួយបណ្តាប្រទេស G7 និងសហគមន៍អន្តរជាតិ»

គួរបញ្ជាក់តាមការអះអាងរបស់សហរដ្ឋអាមេរិកថា កងទ័ពរុស្ស៊ីប្រមាណ ១០០,០០០នាក់ កំពុងតែឈរជើងនៅលើទឹកដី ក្បែរព្រំដែនអ៊ុយក្រែនរួចជាស្រេចហើយ។ សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន បានចេញសេចក្តីព្រមានជាថ្មីថា ការឈ្លានពានដោយរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន អាចនឹងកើតឡើងគ្រប់ពេលវេលា រួមទាំងនៅក្នុងសប្តាហ៍នេះផងដែរ ខណៈសម្ព័ន្ធមិត្តអាមេរិកនានា ទើបតែបានឯកភាពគ្នាថា បង្អួចសម្រាប់ដោះស្រាយបញ្ហាតាមផ្លូវការទូត នៅតែបន្តបើកចំហជានិច្ច តែក៏បានត្រៀមកញ្ចប់ទណ្ឌកម្មដ៏ធំមហិមា ដើម្បីទម្លាក់លើរុស្ស៊ីផងដែរ៕