(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើបទបញ្ជារដ្ឋបាលជាផ្លូវការ ដើម្បីលុបចោលការ បង្កកទ្រព្យសម្បត្តិរបស់អាហ្វហ្កានីស្ថាននៅសហរដ្ឋអាមេរិក ពោលគឺគ្រោងនឹងប្រើប្រាស់ ៣.៥ពាន់លានដុល្លារអាមេរិក ក្នុងចំណោម ៧ពាន់លាន ដុល្លារអាមេរិក ទៅក្នុងការសងថ្លៃជំងឺចិត្តទៅឱ្យសមាជិកគ្រួសាររបស់អ្នករងគ្រោះ ក្នុងព្រឹត្តិការណ៍ភេរវកម្ម «១១កញ្ញា» ហើយ ៣.៥ពាន់លាន ដុល្លារអាមេរិកដែលបានសល់នឹងត្រូវបានប្រើប្រាស់ទៅក្នុងការផ្តល់នូវអ្វីដែលហៅថា «ជំនួយ» របស់អាមេរិកដល់ជនជាតិអាហ្វហ្កានីស្ថាន។

បន្ទាប់ពីដំណឹងនេះត្រូវបានផ្សាយបានធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកផងទាំងពួងបានមើលឃើញយ៉ាងស្រឡាំងកាំង ថារដ្ឋាភិបាលអាមេរិកបែរជាលេបយកយ៉ាងកម្រោលនូវទ្រព្យសម្បត្តិ សម្រាប់សង្គ្រោះជាបន្ទាន់នូវជីវិតរបស់ប្រជាជនអាហ្វហ្កានីស្ថាន។ នេះគឺជា ទង្វើឆក់ប្លន់ជាតិមួយលើកដែលសំដៅ ចំពោះប្រជាជនអាហ្វហ្កានីស្ថាន ហើយក៏ជាការបែកធ្លាយយ៉ាងខ្លាំងនៃធាតុពិតនៃទង្វើអនុត្តរភាព និងឡូហ្ស៊ីក ចោរប្លន់របស់អាមេរិកផងដែរ។

គួរំលឹកថា កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២១ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធតាលីបង់បានចូលហើយទន្រ្ទានកាន់កាប់ទីក្រុងកាប៊ុល រដ្ឋធានី នៃប្រទេសអាហ្វហ្កានីស្ថាន រដ្ឋាភិបាលអាមេរិកក៏បានបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្កានីស្ថាន នៅបរទេសភ្លាម ក្នុងនោះក៏បូករួម ទាំងទ្រព្យសម្បត្តិប្រហែល ៧ពាន់លានដុល្លារអាមេរិកដែលបានសន្សំនៅអាមេរិកផងដែរ។ ទោះជានិយាយយ៉ាងណាក្តី ក៏ទ្រព្យសម្បត្តិទាំងនេះ សុទ្ធតែជារបស់ប្រជាជនអាហ្វហ្កានីស្ថាន ហើយសហរដ្ឋអាមេរិកគ្មានសិទ្ធិប្រើប្រាស់ទោះតាមទម្រង់ណាក៏ដោយ។

ដូច្នេះ អ្នកប្រើបណ្តាញអ៊ីនធឺណែតនៅបរទេសបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមដោយបានរិះគន់ថា «សហរដ្ឋអាមេរិកបានលួច ទ្រព្យសម្បត្តិរបស់អាហ្វហ្កានីស្ថាន»។ ចំណែកឯ ពាក្យសម្តីរបស់រដ្ឋាភិបាលអាមេរិកដែលថា នឹងសងថ្លៃជំងឺចិត្តទៅឱ្យសមាជិកគ្រួសាររបស់ អ្នករងគ្រោះក្នុងព្រឹត្តិការណ៍ភេរវកម្ម «១១ កញ្ញា» ប្រការនេះមិនត្រឹមតែមិនអាចក្លាយជាមូលហេតុសម្រាប់ប្រើប្រាស់ទ្រព្យសម្បត្តិទាំងនេះ ប៉ុណ្ណោះទេ។

ផ្ទុយទៅវិញ ថែមទាំងក៏បែរជាបានលាតត្រដាងនូវកលល្បិចកាន់តែកខ្វក់ទៀតផង ពោលគឺ នៅឆ្នាំ២០១៩ រដ្ឋាភិបាលអាមេរិកបានកំណត់ជាថ្មី ឡើងវិញនូវវិសាលភាពអនុវត្តនៃ «សមាជិកគ្រួសាររបស់អ្នករងគ្រោះ» តាមរយៈការធ្វើវិសោធនកម្មលើច្បាប់ដែលបណ្តាល ឱ្យសមាជិកគ្រួសារ មួយចំនួនដែលមិនមែនជាសាច់ញាតិផ្ទាល់របស់អ្នករងគ្រោះក្នុងព្រឹត្តិការណ៍ភេរវកម្ម «១១ កញ្ញា» មិនអាចទទួលបានប្រាក់សំណងនោះទេ។

មេធាវីដែលផ្តល់សេវាដល់ពួកគេបានលើកឡើងនូវ «ការជួញដូរបិសាច» ជូនដល់រដ្ឋាភិបាលអាមេរិកក្នុងអំឡុងពេលពីឆ្នាំ២០២០ ដល់២០២១គឺបន្ថែមអង្គការតាលីបង់នៃអាហ្វហ្កានីស្ថានឱ្យទៅជាចុងចោទ យកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្កានីស្ថានដែលបានសន្សំនៅអាមេរិក ជាប្រភពនៃការសងថ្លៃជំងឺចិត្ត ហើយអនុញ្ញាតឱ្យរដ្ឋាភិបាលអាមេរិកអាចទទួលបានមួយចំនួនពីទ្រព្យសម្បត្តិទាំងនោះ។

មូលហេតុដ៏មិនសមហេតុផលនេះ សូម្បីតែជនជាតិអាមេរិកជាច្រើន ក៏ពិបាកនឹងទទួលយកបានផងដែរ។ ក្នុងនាមជាប្រទេសមហាអំណាច តែមួយគត់លើទូទាំងពិភពលោក អាមេរិកបានលេបយកទ្រព្យសម្បត្តិសម្រាប់សង្គ្រោះជីវិតរបស់ប្រជាជនអាហ្វហ្កានីស្ថាន រឿងនេះពិតជាគ្មាន ភាពអៀនខ្មាសមែន។

ទង្វើរបស់អាមេរិកបែបនេះធ្វើឱ្យមនុស្សប្រកាន់សច្ចយុត្តិធម៌នៅលើពិភពលោកទាំងនោះ មិនត្រឹមតែមើលឃើញយ៉ាងច្បាស់ នូវមុខមាត់អនុត្តរភាព របស់រដ្ឋាភិបាលអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏គួរតែប្រើមធ្យោបាយគ្រប់បែបយ៉ាងដើម្បីថ្កោលទោស និងចាត់វិធានការតបតវិញចំពោះទង្វើ ចោរប្លន់បែបនេះ ក៏ដូចជាគាំពារយ៉ាងពិតប្រាកដនូវសិទ្ធិមនុស្ស ដែលជាគុណតម្លៃទូទៅនៃមនុស្សជាតិ និងផ្តល់ការគាំទ្រយ៉ាងប្រាកដប្រជាដល់ ប្រជាជនអាហ្វហ្កានីស្ថានដែលត្រូវការជំនួយជាបន្ទាន់ផងដែរ៕