(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថាបច្ចុប្បន្ន គឺជាពេលដែលត្រូវ បន្ធូរបន្ថយភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិច ជុំវិញវិបត្តិអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។
ការកត់សម្គាល់ខាងលើរបស់លោក Guterres ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយលោកផ្ទាល់ក៏បានបង្ហាញការព្រួយបារម្ភផងដែរចំពោះលទ្ធភាពនៃការផ្ទុះសង្រ្គាមនៅក្នុងតំបន់អឺរ៉ុប។ ថ្លែងនាឱកាសនោះ លោកប្រមុខ UN បានបញ្ជាក់ដូច្នេះថា «នេះជាពេលត្រូវបន្ធូរបន្ថយ ភាពតានតឹង និងជម្លោះ ព្រមទាំងបញ្ចប់វោហាសាស្ត្រដុតបញ្ឆេះកំហឹងគ្នាទៅវិញទៅមក»។
គួរបញ្ជាក់ថា បើតាមលោក Antonio Guterres, គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃវិបត្តិអ៊ុយក្រែន គួរតែគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយ បញ្ចៀសឱ្យបាននូវរាល់ការគំរាមកំហែង និងការប្រើកម្លាំងប្រឆាំងបូរណភាពទឹកដី ឬនយោបាយឯករាជ្យនៃប្រទេសដទៃណាមួយ៕