(វ៉ាស៊ីនតោន)៖ សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន បានចេញសេចក្តីព្រមានជាថ្មីថា ការឈ្លានពានដោយរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន អាចនឹងកើតឡើងគ្រប់ពេលវេលា រួមទាំងនៅក្នុងសប្តាហ៍នេះផងដែរ ខណៈសម្ព័ន្ធមិត្តអាមេរិកនានា ទើបតែបានឯកភាពគ្នាថា បង្អួចសម្រាប់ដោះស្រាយបញ្ហាតាមផ្លូវការទូត នៅតែបន្តបើកចំហជានិច្ច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

មន្ត្រីជាន់ខ្ពស់ផ្នែកឆ្លើយឆ្លងព័ត៌មាន ប្រចាំនៅសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន លោកស្រី ការីន ហ្សន ភា (Karine Jean-Pierre) បានប្រាប់អ្នកសារព័ត៌មានទាំងឡាយ នៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកតែងតែតាមដានយ៉ាងដិតដល់បំផុត ចំពោះស្ថានការណ៍បច្ចុប្បន្ន ហើយក្នុងនោះ កងទ័ពរុស្ស៊ីប្រមាណ ១០០,០០០នាក់ កំពុងតែឈរជើងនៅលើទឹកដី ក្បែរព្រំដែនអ៊ុយក្រែនរួចជាស្រេចហើយ។

ជុំវិញស្ថានការណ៍នេះដែរ រដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់ អ៊ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) បានព្រមានថា អឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទម្លាក់ទណ្ឌកម្មដ៏ធំមហិមាលើរុស្ស៊ី ប្រសិនបើការឈ្លានពានលើអ៊ុយក្រែន កើតឡើងមែននោះ។

ទោះបីជាស្ថានការណ៍ កំពុងវិវឌ្ឍកាន់តែតានតឹងក៏ពិតមែន ក៏នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឯកភាពគ្នាថាកិច្ចចរចាការទូតជាមួយរុស្ស៊ីជុំវិញវិបត្តិអ៊ុយក្រែន នៅតែជាជម្រើសអាទិភាពចម្បង បើទោះជាមានការព្រមានជាច្រើនថា សង្រ្គាមអាចនឹងផ្ទុះឡើងឆាប់ៗនេះក៏ដោយ៕