(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឯកភាពគ្នាថាកិច្ចចរចាការទូតជាមួយរុស្ស៊ី ជុំវិញវិបត្តិអ៊ុយក្រែន នៅតែជាជម្រើសអាទិភាពចម្បង បើទោះជាមានការព្រមានជាច្រើនថាសង្រ្គាមអាចនឹងផ្ទុះឡើង ឆាប់ៗនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ការឯកភាពគ្នាខាងលើកើតមានឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ចនសុន និងលោក បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ ហើយជាមួយគ្នា នោះ មេដឹកនាំប្រទេសទាំង២ ក៏បានសង្កត់ធ្ងន់ដែរថារាល់ការឈ្លានពានណាមួយលើអ៊ុយក្រែន នឹងបង្កវិបត្តិដល់រុស្ស៊ីដូចគ្នា ក៏ដូចជាការខាតបង់ទាំង រុស្ស៊ី និងពិភពលោក។

គួរបញ្ជាក់ថា លោក បូរីស ចនសុន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក៏បានអះអាងដែរស្ថានការណ៍បច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ប៉ុន្តែ លោកគ្មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ ឡើយ៕