(ប៉េកាំង)៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែងថា ស្ថានទូតចិនប្រចាំនៅប្រទេសអ៊ុយក្រែន នៅតែបើកដំណើរការជាធម្មតា ដើម្បីផ្តល់សេវាដល់ពលរដ្ឋរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ការថ្លែងរបស់ចិនខាងលើនេះ បានកើតមានឡើងស្របពេលដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តមួយចំនួន បានប្រកូកប្រកាសឲ្យពលរដ្ឋរបស់ខ្លួន ប្រញាប់ចាកចេញពីអ៊ុយក្រែន និងខ្លះឈានដល់ថ្នាក់ ជម្លៀសបុគ្គលិកទូតមិនចាំបាច់ចេញជាបន្ទាន់ផងដែរ ដោយព្រមានអំពីសង្គ្រាម ដែលអាចផ្ទុះឡើងគ្រប់ពេលវេលារវាងរុស្ស៊ី និងអ៊ុយក្រែន។

រុស្ស៊ីនៅតែច្រានចោល ចំពោះការចោទប្រកាន់ពីលោកខាងលិចថា ខ្លួននឹងវាយប្រហារចូលទឹកដីអ៊ុយក្រែននោះ ខណៈអ៊ុយក្រែនវិញ ក៏ធ្លាប់បានសម្តែងការមិនពេញចិត្តផងដែរ ចំពោះការគំរាមកំហែងអំពីសង្គ្រាម ជាបន្តបន្ទាប់មកនេះ ព្រោះវាបានកំពុងធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះ រងនូវវិបត្តិកាន់តែខ្លាំង។

ជុំវិញស្ថានការណ៍ខាងលើនេះ លោក វ៉ាង វិនពីន បានលើកឡើងថា ស្ថានទូតចិននៅអ៊ុយក្រែន នឹងផ្តល់ការពារសម្រាប់ពលរដ្ឋចិន និងក្រើនរំលឹកដល់ពួកគេជានិច្ច ឲ្យតាមដានស្ថានការណ៍ក្នុងតំបន់ ឲ្យបានដិតដល់បំផុត៕