(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានប្រកាសថា ការចាក់វ៉ាក់សាំងដូសទី ៤ ដើម្បីបង្ការជំងឺ COVID-19 នៅក្នុង ប្រទេសកូរ៉េខាងត្បូង នឹងត្រូវចាប់ផ្តើមនៅក្នុងខែកុម្ភៈនេះ រួមជាមួយការផ្គត់ផ្គង់បន្ថែមនូវ ឧបករណ៍ធ្វើតេស្តរហ័សចំនួនរាប់លានដើមទៀត ខណៈដែលការឆ្លងរាតត្បាត កំពុងបន្តស្ថិតនៅកម្រិតដ៏ខ្ពស់ខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋមន្រ្តីសុខាភិបាលកូរ៉េខាងត្បូង លោក ក្វុន ឌឹក ឈុល (Kwon Deok-cheol) បាននិយាយថា បុគ្គលស្ថិតនៅក្នុងក្រុមប្រឈមហានិភ័យខ្ពស់ ដូចជាអ្នកធ្វើការនៅតាមមណ្ឌលថែទាំ, មនុស្សវ័យចំណាស់ និងអ្នកមានប្រព័ន្ធការពារចុះទន់ខ្សោយ ជាដើមនោះ នឹងត្រូវផ្តល់អាទិភាព ក្នុងការទទួលបានវ៉ាក់សាំងដូសទី ៤ ឬអាចនិយាយបានថាជា ដូសជំរុញទី ២។ ជាមួយគ្នានេះ ឧបករណ័ធ្វើតេស្តរហ័សរកជំងឺ COVID-19 ខ្ទង់៣០លានដើមបន្ថែមទៀត ក៏នឹងត្រូវផ្គត់ផ្គង់នៅទូទាំងប្រទេស ក្នុងខែកុម្ភៈនេះផងដែរ ដើម្បីដោះស្រាយក្តីបារម្ភជុំវិញការខ្វះខាត។

គួរបញ្ជាក់ថា មកទល់បច្ចុប្បន្នមនុស្សជាង ៤៤លាននាក់ ឬស្មើនឹងជាង ៨៦ភាគរយ នៃចំនួនប្រជាជនសរុបនៅកូរ៉េខាងត្បូង ត្រូវចាត់ទុកថា ទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស ខណៈ ៥៧ភាគរយ បានចាក់ដូសជំរុញលើកទី១ ឬដូសទី ៣។ ដោយឡែក ករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅក្នុង ប្រទេសអាស៉ីខាងកើតមួយនេះវិញ ទើបតែបានលោតដល់ជីត ៥៥,០០០ករណី ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបទាំងអស់កើនដល់ ១.៤លាននាក់ និងស្លាប់កើនដល់ជាង ៧,១០០នាក់៕