(រីយ៉ាដ)៖ ក្រុមចម្រុះយោធាអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអះអាងថា ខ្លួនបានវាយប្រហារតាមផ្លូវអាកាស កម្ទេចប្រព័ន្ធទូរគមនាគមន៍មួយ ដែលត្រូវបានក្រុមឧទ្ទាមហ៊ូទី (Houthi) ក្នុងប្រទេសយ៉េមែន ប្រើប្រាស់ដើម្បីគ្រប់គ្រង និងបញ្ជាយន្ដហោះដ្រូន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត SPA នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន SPA ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានបញ្ជាក់ទៀតថា ការវាយប្រហារតាមផ្លូវអាកាសនៅថ្ងៃចន្ទនេះ មានគោលដៅលើស្ថានីយប្រព័ន្ធផ្កាយរណបមួយ ស្ថិតនៅក្បែរក្រសួងទូរគមនាគមន៍យ៉េមែន នៃភាគខាងជើងរដ្ឋធានីសាណាអា។

ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ថា តើមានមនុស្សស្លាប់ដែរ ឬក៏យ៉ាងណានោះទេ ដោយក្រុមចម្រុះអារ៉ាប់គ្រាន់តែបង្ហើបឱ្យដឹងថា ក្រុមឧទ្ទាមហ៊ូទីដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក បានប្រើប្រាស់ក្រសួងទូរគមនាគមន៍ និងព័ត៌មានវិទ្យាក្នុងរដ្ឋធានីសាណាអា ដើម្បីធ្វើប្រតិបត្តិការបង្កអរិភាព។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះដែរ, ទូរទស្សន៍អាល់ ម៉ាស៊ីរ៉ស់ (Al Masirah) គ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទី បានរាយការណ៍ថា ក្រុមចម្រុះអារ៉ាប់បានវាយប្រហារលើក្រសួងទូរគមនាគមន៍ ដោយបានបំផ្លាញអគារក្រុមហ៊ុន តេឡេយ៉េមែន (TeleYemen) និងបង្កការខូចខាតដល់អគារនៅក្បែរខាង៕