(ម៉ានីល)៖ ប្រទេសហ្វលីពីន នឹងបន្តអនុវត្តវិធានការរឹតត្បិតប្រឆាំងកូវីដ-១៩ នៅក្នុងរដ្ឋធានីម៉ានីល ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ បើទោះជាចំនួនករណីឆ្លងប្រចាំថ្ងៃធ្លាក់ចុះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមអាជ្ញាធរហ្វីលីពីន, តំបន់រដ្ឋធានី Metro Manila ក្នុងនោះរួមមានទាំងរដ្ឋធានីម៉ានីល នឹងបន្តស្ថិតនៅក្រោមវិធានការរឹតត្បិតកម្រិតទី២ ដែល នៅក្រោមវិធានការនេះ ភោជនីយដ្ឋាន, ក្លឹបហាត់ប្រាណ និងរោងភាពយន្ដ អាចនឹងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ជាមួយការកំណត់ចំនួនភ្ញៀវ ត្រឹមពាក់កណ្ដាល។ ចំណែកឯ អាជីវកម្មនៅខាងក្រៅអគារ អាចនឹងប្រតិបត្តិការដោយកំណត់ចំនួនមនុស្ស ៧០ភាគរយ។

គួរបញ្ជាក់ថា ហ្វីលីពីន នៅខែកុម្ភៈនេះក៏បានប្រកាសបើកព្រំដែនរបស់ខ្លួនឡើងវិញផងដែរ ដើម្បីទទួលភ្ញៀវទេសចរមកពីជាង ១៥០ប្រទេសក្នុង គោលបំណងជំរុញកំណើនសេដ្ឋកិច្ច ឱ្យងើបចេញពីវិបត្តិបង្កឡើងដោយ COVID-19៕