(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន២៦,៣៧៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន២,៩៤០ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន១៨២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Hải Dương មានចំនួន១,៩០៦ករណី, ខេត្ត Nam Định ១,៨៩៤ករណី និងខេត្តHải Phòng ១,៤៨៣ករណី។

ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ចំនួន៨៤នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,៥១០,៨៦០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២,២២៦,៧៥៤នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន ៣៨,៩៤៦នាក់ដដែល៕