(បារ៉ែន)៖ ប្រទេសបារ៉ែន បាននិយាយថាមន្ត្រីកងទ័ពជើងទឹកអ៉ីស្រាអែលម្នាក់ នឹងត្រូវបានអនុញ្ញាតឱ្យឈរជើង ក្នុងប្រទេសនៃតំបន់ឈូងសមុទ្រពែក្ស មួយនេះ ហើយនេះជាលើកដំបូងបំផុតដែលមន្ត្រីយោធាអ៉ីស្រាអែល កាន់តំណែងនៅក្នុងប្រទេសអារ៉ាប់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្រសួងការបរទេសបារ៉ែន បានបញ្ជាក់ថាការតែងតាំងមន្ត្រីយោធ អ៉ីស្រាអែលខាងលើ មានជាប់ពាក់ព័ន្ធនឹងក្រុមចម្រុះអន្តរជាតិមួយ ដើម្បីធានារក្សាសេរីភាពនៃការធ្វើនាវាចរនៅក្នុងតំបន់។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រកន្លងទៅនេះ, ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថាមន្ត្រីអ៉ីស្រាអែលម្នាក់ ត្រូវបានតែងតាំងនៅក្នុងប្រទេសបារ៉ែន ឱ្យកាន់តំណែងជាមន្ត្រីទំនាក់ទំនងសម្រាប់កងនាវាអាមេរិកទី៥៕