(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទទួលស្គាល់ថាសហរដ្ឋអាមេរិកមានផែនការបើកស្ថានទូតឡើងវិញ នៅក្នុង ប្រទេសដែនកោះនៃតំបន់ប៉ាស៊ីហ្វិកខាងត្បូង សូឡូម៉ុន (Solomon) នៅក្រោមកិច្ចខិតខំប្រឹងប្រែងខ្ទប់ការកើនឡើងឥទ្ធិពលចិនក្នុងតំបន់។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

ការប្រកាសពីផែនការបើកស្ថានទូតអាមេរិកក្នុងប្រទេសដែនកោះសូឡូម៉ុន ធ្វើឡើងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នាឱកាសដែលលោក Blinken បំពេញទស្សនកិច្ចនៅប្រទេសហ្វីជី ដើម្បីបើកកិច្ចពិភាក្សាជាមួយមេដឹកនាំនៃបណ្ដាប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិក អមទៅដោយការសន្យាថា អាមេរិកនឹងផ្ដល់ធនធានទាំងការទូត និងសន្តិសុខទៅកាន់តំបន់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានបិទស្ថានទូតរបស់ខ្លួនប្រចាំរដ្ឋធានីហូនីយ៉ារ៉ា (Honiara) នៃប្រទេសដែនកោះសូឡូម៉ុន កាលពីឆ្នាំ១៩៩៣ ហើយ បច្ចុប្បន្នអាមេរិកមានត្រឹមតែស្ថានកុងស៊ុលប៉ុណ្ណោះនៅទីនោះ ដែលគ្រប់គ្រងពីចម្ងាយដោយស្ថានទូតអាមេរិក ក្នុងប្រទេសប៉ាពួរញូហ្គីណេ៕