(យូអិន)៖ បុគ្គលិកអង្គការសហប្រជាជាតិ ៥រូប ត្រូវបានគេចាប់ពង្រត់នៅឯភាគខាងត្បូងនៃប្រទេសយេមែន ខណៈពួកគេកំពុងធ្វើដំណើរត្រឡប់ទៅ កាន់ទីក្រុងអាឌែន (Aden) ក្រោយបំពេញបេសកកម្មមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

មន្ត្រីអង្គការសហប្រជាជាតិ (UN) ម្នាក់បានឱ្យដឹងថាបុគ្គលិកទាំង ៥រូបខាងលើ ត្រូវបានចាប់ពង្រត់កាលពីថ្ងៃសុក្រកន្លងទៅនេះ នៅក្នុងតំបន់អាប៊ីយ៉ាន់ (Abyan)។ មន្ត្រីរូបនេះបន្ថែមថា UN កំពុងធ្វើការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរយេមែន ដើម្បីធានាសុវត្ថិភាព និងការដោះលែងបុគ្គលិករបស់ខ្លួន។

គួរបញ្ជាក់ថា មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវ ពាក់ព័ន្ធនឹងការចាប់ពង្រត់បុគ្គលិក UN នៅឡើយទេ។ សង្រ្គាមនៅយេមែន ដែលអូសបន្លាយតាំងពីឆ្នាំ២០១៤មក បានផ្ដាច់ជីវិតមនុស្សរាប់ពាន់នាក់ និងបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយ ៨០ភាគរយនៃប្រជាជន យេមែន រស់នៅពឹងផ្អែកលើជំនួយ៕