(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានបញ្ជាឱ្យយោធារបស់ខ្លួន ដែលកំពុងឈរជើងនៅអ៊ុយក្រែន ដើម្បីបណ្ដុះបណ្ដាល កងទ័ពអ៊ុយក្រែន ត្រូវចាកចេញពីប្រទេសមួយនេះ ខណៈមានការព្រមានថារុស្ស៊ីអាចនឹងបើកការវាយប្រហារក្នុងពេលឆាប់ៗ។ នេះបើតាមការដកស្រង់ ចេញផ្សាយពីទស្សនាវដ្ដី Forbes នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានឱ្យដឹងថា យោធាអាមេរិក ១៦០នាក់ មកពីកងឆ្មាំជាតិ នៃរដ្ឋផ្ល័រីដា (Florida) ដែលកំពុងឈរជើងនៅឯជំរំបណ្ដុះបណ្ដាលមួយស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន នឹងត្រូវបានដាក់ពង្រាយទៅកាន់កន្លែងផ្សេងក្នុង តំបន់អឺរ៉ុប។ តែ មិនបានបញ្ជាក់ថាទីណានោះទេ ស្របពេលសារព័ត៌មាន New York Times រាយការណ៍ថាទ័ពពិសេសអាមេរិក ៨០នាក់ដែលកំពុង ឈរជើងនៅឯជំរំបណ្ដុះបណ្ដាលនេះដែរនោះ នឹងបន្តស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។

ដោយឡែក យោធាអង់គ្លេស កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានប្រកាសថាកងទ័ពអង់គ្លេស ៣០នាក់ ត្រូវបានបញ្ជូនទៅបណ្ដុះបណ្ដាល យោធាអ៊ុយក្រែន ក្នុងការប្រើប្រាស់មីស៊ីលប្រឆាំងរថក្រោះ ដែលអង់គ្លេសជាអ្នកផ្គត់ផ្គង់នឹងត្រូវដកចេញពីអ៊ុយក្រែន ហើយនឹងមិនមានកងទ័ព ឬយោធា អង់គ្លេសណាម្នាក់ស្ថិតនៅក្នុងប្រទេសមួយនេះនោះទេ នៅក្នុងករណីសង្រ្គាមផ្ទុះឡើង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស រួមទាំងប្រទេសជាសម្ពន្ធមិត្តរបស់ខ្លួនដទៃទៀត ក៏បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញជាបន្ទាន់ ផងដែរ យ៉ាងយូរក្នុងរយៈពេល៤៨ម៉ោង ខណៈពួកគេកំពុងកាត់បន្ថយចំនួនបុគ្គលិកទូតនៅអ៊ុយក្រែន ចំពោះមុខការភ័យខ្លាចការផ្ទុះសង្រ្គាម៕