(ឌូបៃ)៖ កងទ័ពអាកាសអាមេរិក បាននិយាយថាកងកម្លាំងយន្តហោះចម្បាំង F-22 បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាសនៃប្រទេស អេមីរ៉ាតអារ៉ាប់រួមហើយ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីទីក្រុងអាប៊ូ ដាប៊ី (Abu Dhabi) រងការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមឧទ្ទាម ហ៊ូទី នៅក្នុងប្រទេសយេមែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។
បើតាមកងទ័ពអាកាសអាមេរិក កងកម្លាំងយន្ដហោះចម្បាំង F-22 ខាងលើ បានចុះចតនៅឯមូលដ្ឋានទ័ពអាកាស អាល់ ដាហ្វ្រា (Al-Dhafra) ក្នុងទីក្រុងអាប៊ូ ដាប៊ី ជាទីដែលកងទ័ពអាមេរិក ២,០០០នាក់កំពុងឈរជើង ដើម្បីបង្ហាញការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអេមីរ៉ាតអារ៉ាប់រួម ឆ្លើយតបទៅនឹងការគំរាមកំហែងពីក្រុមឧទ្ទាមហ៊ូទី មានអ៉ីរ៉ង់ជាខ្នងបង្អែក។
គួរបញ្ជាក់ថា ការដាក់ពង្រាយកងកម្លាំងយន្ដហោះចម្បាំង F-22 ទៅកាន់អេមីរ៉ាតអារ៉ាប់រួម ធ្វើឡើងក្រោមបញ្ជារបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្រោមកិច្ចសម្របសម្រួលជាមួយព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ីន ហ្សៃយ៉ីដ អាល់ ណាស់យ៉ាន (Mohammed Bin Zayed Al Nahyan)។ ប៉ុន្តែ កងទ័ពអាកាសអាមេរិក មិនបានបញ្ជាក់លម្អិតថាតើយន្ដហោះចម្បាំង F-22 ដែលត្រូវបានដាក់ពង្រាយនោះមានចំនួនប៉ុន្មានគ្រឿងនោះទេ៕