(តៃប៉ិ)៖ រដ្ឋាភិបាលតៃវ៉ាន់នាថ្ងៃសៅរ៍នេះ បានឱ្យដឹងថា ខ្លួនកំពុងឃ្លាំមើលយ៉ាងដិតដល់បំផុតចំពោះ ស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែកដែនកោះនេះពីប្រទេសចិន ខណៈភាពតានតឹងកាន់តែកើនឡើងកម្តៅនៅឯប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានលើកឡើងថា ស្របពេលដែលក្រុមប្រទេសលោកខាងលិច បន្តព្រមានពីលទ្ធភាពនៃសង្រ្គាមអាចផ្ទុះឡើងគ្រប់ពេលវេលានៅអ៊ុយក្រែន យោធាតៃវ៉ាន់កំពុងបន្តពង្រឹងប្រតិបត្តិការឃ្លាំមើលរបស់ខ្លួន នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងបង្កើនកម្រិតប្រុងជើងការជាលំដាប់ ដើម្បីឆ្លើយតបចំពោះសញ្ញា និងការគំរាមកំហែងផ្សេងៗ។ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ ក៏បានបន្ថែមដែរថា សុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់ គឺជាការទទួលខុសត្រូវរួមរបស់ភាគីទាំងអស់។

គួរបញ្ជាក់ថា ប្រទេសចិនដែលចាត់ទុកតៃវ៉ាន់ ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លូន បានបង្កើនសកម្មភាពយោធាយ៉ាងក្លាំងក្លា នៅក្បែរដែនកោះនេះ ក្នុងរយៈពេល២ឆ្នាំចុងក្រោយ ជាពិសេសតាមរយៈការចល័តក្បួនយន្តហោះយោធា ចូលទៅកាន់តំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រមុខការទុតតៃវ៉ាន់ លោក ចូសេប វូ (Joseph Wu) ក៏បានឱ្យដឹងដែរថា ទីក្រុងតៃប៉ិកំពុងសម្លឹងមើលយ៉ាងដិតដល់ថាតើ ចិននឹងឆក់យកឱកាសពេលដែលលោកខាងលិច កំពុងផ្តោតលើបញ្ហាអ៊ុយក្រែន ដើម្បីប្រើកម្លាំងយោធាវាយប្រហារលើ តៃវ៉ាន់ដែរឬយ៉ាងណា៕