(ម៉ូស្គូ)៖ នាវាយោធារុស្ស៉ីចំនួនជាង៣០គ្រឿង មកពីកងអង្គភាពសមុទ្រខ្មៅនៃកងទ័ពជើងទឹករុស្ស៉ី បានចាប់ផ្តើមធ្វើការហ្វឹកហ្វឺននៅក្បែរតំបន់គ្រីមៀ ក្រោមក្របខណ្ឌនៃសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ ស្របពេលដែលក្រុមប្រទេសលោកខាងលិច កំពុងបន្តព្រួយបារម្ភថា សង្រ្គាមអាចនឹងផ្ទុះឡើងនៅអ៊ុយក្រែនគ្រប់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី RIA បានរាយការណ៍ថា នាវាយោធារុស្ស៉ីច្រើនជាង៣០គ្រឿង បានធ្វើដំណើរចាកចេញពីកំពង់ផែ នៅឯទីក្រុង សេវ៉ាស្តូផូល (Sevastopo) និងទីក្រុងណូវ៉ូរ៉ូស៉ីអ៉ីស (Novorossiisk) ស្របទៅតាមផែនការរៀបចំសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ នៅក្បែរតំបន់គ្រីមៀ ដែលត្រូវក្រុមប្រទេសលោកខាងលិចចាត់ទុកថា ជាឧបទ្វីបដែលរុស្ស៉ីបានកាត់យកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។
ប្រព័ន្ធផ្សព្វផ្សាយខាងលើ បានអះអាងថា គោលដៅនៃសមយុទ្ធយោធានោះ គឺដើម្បីពង្រឹងការការពារតំបន់គ្រីមៀ។ កាលពីថ្ងៃមករាកន្លងទៅ យោធាជើងទឹករុស្ស៉ីបានប្រកាសថា ការធ្វើសមយុទ្ធជាច្រើន ដែលចូលរួមដោយកងអង្គភាពជើងទឹករុស្ស៉ីប្រចាំគ្រប់តំបន់ នឹងត្រូវរៀបចំឡើងនៅក្នុងខែកុម្ភៈនេះ ព្រមទាំងខែមីនាខាងមុខ ចាប់ពីតំបន់មហាសមុទ្រប៉ាស៉ីហ្វិក រហូតដល់មហាសមុទ្រអាត្លង់ទិច។
គួរបញ្ជាក់ថា ការបង្កើនសកម្មភាពយោធា និងការប្រមូលផ្តុំកម្លាំងទ័ពរបស់រុស្ស៉ី នៅក្បែរព្រំប្រទល់អ៊ុយក្រែន កំពុងបន្តធ្វើឱ្យក្រុមប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ព្រួយបារម្ភអំពីការវាយប្រហារពីសំណាក់ ប្រទេសរុស្ស៉ីទៅលើអ៊ុយក្រែន។ រីឯរុស្ស៉ីនៅតែច្រានចោលការចោទប្រកាន់នេះ និងឆ្លើយតបវិញថា ការប្រមូលផ្តុំកម្លាំងទ័ពនិងសកម្មភាពយោធាទាំងនេះ គឺដើម្បីធានាការពារសន្តិសុខខ្លួនឯង ប្រឆាំងនឹងទង្វើបង្កហេតុរបស់បក្សសម្ព័ន្ធអង្គការ NATO៕