(វ៉ាស៊ីនតោន)៖ ប្រភពដ៏គួរឲ្យទុកចិត្តមួយនៅសហរដ្ឋអាមេរិក បានបង្ហើបឲ្យដឹងថា ប្រទេសហ្វាំងឡង់នៅថ្ងៃសុក្រសប្តាហ៍នេះ អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ជាទិញជាផ្លូវការនូវ យន្តហោះចម្បាំង-បំបាំងកាយត្រកូល «F-35» ពីសហរដ្ឋអាមេរិកសរុបចំនួន ៦៤គ្រឿង ស្ថិតក្នុងគោលដៅជំរុញផែនការដាក់ពង្រាយ ឲ្យបានទាន់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ប្រទេសហ្វាំងឡង់បានប្រកាសថា ខ្លួននឹងធ្វើការផ្លាស់ប្តូរក្បួនយន្តហោះចម្បាំងត្រកូល F/A-18 ចាស់ៗចេញ ហើយដាក់ជំនួសមកវិញនូវយន្តហោះចម្បាំងទំនើប F-35s របស់សហរដ្ឋអាមេរិកចំនួន ៦៤គ្រឿង ព្រមជាមួយនិងប្រព័ន្ធសព្វាវុធថ្មីៗទៀតផងដែរ។ ទាំងអស់នេះ នឹងស្ថិតនៅក្នុងកញ្ចប់កិច្ចព្រមព្រៀងមួយ ដែលមានតម្លៃជាទឹកប្រាក់ ៩.៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ជុំវិញព័ត៌មានបែកធ្លាយខាងលើនេះ ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំនៅសហរដ្ឋអាមេរិក លោក មីកកូ ហៅតាឡា (Mikko Hautala) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគឺជាសញ្ញាថ្មីមួយទៀត ដែលបញ្ជាក់អំពីការយកចិត្តទុកដាក់ ខ្លាំងបំផុតរបស់ហ្វាំងឡង់ នៅក្នុងកិច្ចការពារជាតិរបស់ខ្លួន។ វាគឺជាផ្នែកមួយ នៃផែនការជាយូរមកហើយរបស់យើង និងមិនពាក់ព័ន្ធអ្វី ទៅនឹងស្ថានការណ៍នាបច្ចុប្បន្នកាលនេះឡើយ»។

យ៉ាងណាក៏ដោយ អគ្គរដ្ឋទូតហ្វាំងឡង់រូបនេះមិនបានបញ្ជាក់ឲ្យច្បាស់លាស់ថា តើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នឹងកើតឡើងនៅថ្ងៃសុក្រសប្តាហ៍នេះ ដូចការផ្សព្វផ្សាយព័ត៌មានដែរ ឬមួយក៏យ៉ាងណានោះឡើយ។ សម្រាប់កិច្ចព្រមព្រៀង ដែលអាចនឹងត្រូវចុះហត្ថលេខាខាងលើនេះ គឺជាការលក់សព្វាវុធទៅឲ្យបរទេស តាមរយៈរដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុន Lockheed Martin គឺជាអ្នករ៉ាប់រងក្នុងការផលិត និងផ្គត់ផ្គង់៕