(ញូដេលី)៖ អ៊ូតតា ប្រាដែស (Uttar Pradesh) ដែលជារដ្ឋមានប្រជាជនច្រើនជាងគេបំផុត នៅក្នុងប្រទេសឥណ្ឌា បានចាប់ផ្ដើមដំណើរការការបោះឆ្នោត ថ្នាក់តំបន់ហើយ នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

ការបោះឆ្នោតនេះត្រូវបានគេមើលឃើញថានឹងក្លាយជាការធ្វើតេស្ដដ៏សំខាន់មួយ លើប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ក៏ដូចជាជោគវាសនានៃគណបក្សកាន់អំណាចរបស់លោក នៅមុនការបោះឆ្នោតសភាថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៤។

ទីក្រុង វ្រីនដាវ៉ាន់ (Vrindavan) នៃរដ្ឋ Uttar Pradesh គឺជាទីក្រុងដ៏ពិសិដ្ឋមួយរបស់អ្នកកាន់សាសនាហិណ្ឌូ ស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រពីភាគខាងត្បូង រដ្ឋធានីញូដេលី កំពុងប្រឈមមុខនឹងអាកាសធាតុត្រជាក់ ដែលអាចរំខានដល់ការចូលរួមបោះឆ្នោតរបស់ប្រជាជន។ ប៉ុន្តែ អាជ្ញាធរ និងប្រជាជនមួយចំនួន បានអំពាវនាវឱ្យប្រជាជនដែលបានចុះឈ្មោះបោះឆ្នោតទាំងអស់ត្រូវចូលរួម ព្រោះថាបើចង់បានរដ្ឋាភិបាលមួយដ៏ល្អ ពួកគេត្រូវតែធ្វើដំណើរទៅបោះឆ្នោត។

គួរបញ្ជាក់ថា ការបរាជ័យនៅក្នុងរដ្ឋ Uttar Pradesh ឬក៏ក្នុងរដ្ឋណាមួយ ក្នុងចំណោមរដ្ឋ៣ ផ្សេងទៀត អាចនឹងបង្កើនសម្ពាធរឹតតែខ្លាំងលើគណបក្សអ្នកជាតិ និយមហិណ្ឌូរបស់លោក ម៉ូឌី ដែលកំពុងប្រឈមមុខនឹងការរិះគន់ស្រាប់ ដោយសារតែវិបត្តិគ្មានការងារធ្វើ និងការឆ្លងរាតត្បាត COVID-19៕