(ប៉ារីស)៖ ប៉ូលិសទីក្រុងប៉ារីសនៃប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ក្បួនរថយន្តបាតុកម្មហៅថា Freedom Convoy ដែលជាចលនាប្រឆាំងតវ៉ាវិធានការរឹតត្បិត COVID-19 នឹងមិនត្រូវអនុញ្ញាត ឱ្យធ្វើដំណើរចូលរដ្ឋធានីបារាំងឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមបាតុករ Freedom Convoy នៅប្រទេសបារាំង ដែលទទួលឥទ្ធិពលពីចលនានៅឯប្រទេសកាណាដា បាននាំគ្នាចាកចេញពីតំបន់ភាគខាងត្បូងបារាំង ក្នុងការធ្វើដំណើរដែលនឹងត្រូវទៅប្រមូលផ្តុំនៅឯទីក្រុងប៉ារីស ក្រោមគោលដៅទាមទារឱ្យ រដ្ឋាភិបាលបារាំងបិទបញ្ចប់ទាំងស្រុងនូវ វិធានការរឹតត្បិតផ្សេងៗពាក់ព័ន្ធនឹងជំងឺ COVID-19។ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមបាតុករត្រូវគេរំពឹងថា នឹងចេញដំណើរមកពីតំបន់ផ្សេងៗទៀត នៅទូទាំងប្រទេសបារាំង។

អាជ្ញាធរទីក្រុងប៉ារីសបានប្រកាសថា ក្បួនក្រុមបាតុករនឹងត្រូវហាមឃាត់ មិនឱ្យធ្វើដំណើរចូលទីក្រុងនេះឡើយ ចាប់ពីថ្ងៃទី១១-១៤ ខែកុម្ភៈ ដោយសារអាចបង្កហានិភ័យដល់សណ្តាប់ធ្នាប់សាធារណៈ។ សម្រាប់ជនណាដែលល្មើសបទបញ្ជានេះ ត្រូវប្រឈមលទ្ធភាពនៃការជាប់ពន្ធនាគាររយៈពេល២ឆ្នាំ រួមជាមួយការពិន័យជាប្រាក់៤,៥០០អឺរ៉ូ និងការដកហូតបណ្ណបើកបកជាបណ្តោះអាសន្ន។

គួរបញ្ជាក់ថា ក្រៅពីកាណាដា និងបារាំង ក្បួនរថយន្តបាតុកម្មប្រឆាំងវិធានការ COVID-19 ស្រៀងគ្នានេះ ក៏បានរាលដាលដល់ប្រទេសមួយចំនួនទៀត ដូចជាអូស្រ្តាលីនិងនូវែលសេឡង់ជាដើម៕