(ប៉ារីស)៖ រដ្ឋមន្ត្រីការពារជាតិបារាំងលោកស្រី ផ្លូរ៉ង់ ប៉ាលី (Florence Parly) ដែលកំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ច នៅតំបន់អាស៊ីនោះ បានបង្ហើបឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសឥណ្ឌូណេស៊ីបានបញ្ជាទិញ យន្តហោះចម្បាំង រ៉ាហ្វាល់ (Rafale) ចំនួន ៤២គ្រឿងពីបារាំង ខណៈប្រទេសទាំងពីរនេះ ក៏បានចុះហត្ថលេខារួចរាល់ហើយដែរ ទៅលើកិច្ចព្រមព្រៀង ដែលរួមមានការអភិវឌ្ឍនាវាមុជទឹក និងការផលិតគ្រាប់កាំភ្លើងជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

តាមរយៈសារនៅលើគណនី Twitter របស់លោកស្រី Florence Parly បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាជារឿងផ្លូវការ, ឥណ្ឌូណេស៊ីបញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន ៤២គ្រឿង»។ លោកស្រីរដ្ឋមន្ត្រីការពារជាតិបារាំងរូបនេះ បានសង្កត់ធ្ងន់ទៀតថា ឥណ្ឌូណេស៊ីនឹងក្លាយជាប្រទេសទី ២ ក្នុងតំបន់អាស៊ីបន្ទាប់ពីឥណ្ឌា ដែលមានយន្តហោះចម្បាំង របស់ក្រុមហ៊ុនបារាំង ដាស-សល (Dassault Aviation) ប្រើប្រាស់។

បើតាមក្រុមហ៊ុន Dassault កិច្ចព្រមព្រៀងខាងលើនេះ កំពុងក្លាយជាការចាប់ផ្តើមនូវ ភាពជាដៃគូរយៈពេលវែងរវាងបារាំង-ឥណ្ឌូណេស៊ី និងអាចជួយជំរុញឲ្យក្រុមហ៊ុននេះ បង្កើនវត្តមានយ៉ាងលឿន នៅក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ។

ក្រុមអ្នកវិភាគបានមើលឃើញថា នេះជាការពង្រីកវត្តមានរបស់បារាំង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ទីក្រុងប៉ារីសតែងចាត់ទុកជានិច្ចថា ខ្លួនជាមហាអំណាចសកលមួយដែរ ខាងផ្នែកជើងទឹក ខណៈកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី «AUKUS» រវាង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីកន្លងមកនេះ មិនត្រឹមតែបានធ្វើឲ្យប៉ះពាល់ ដល់មុខជំនួញរបស់បារាំងប៉ុណ្ណោះទេ តែឥណ្ឌូណេស៊ីក្នុងនាមជាប្រទេសធំមួយក្នុងតំបន់ ក៏បានបញ្ចេញសារក្រើនរំលឹក ចំពោះទង្វើរបស់មហាអំណាចទាំងនេះផងដែរ៕