(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីព្រមានមួយ នៅថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធសុខាភិបាលរបស់ខ្លួនអាចនឹងត្រូវរងបន្ទុក លើសពីអ្វីដែលអាចទទួលយកបាន បន្ទាប់ពីអាជ្ញាធរបានមើលឃើញ ការកើនឡើងនៃការឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ពេញមួយសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រទេសវៀតណាមបានរាយការណ៍ករណីថ្មីៗជិត ២៤,០០០ករណី កាលពីថ្ងៃពុធ ធៀបនឹងខ្ទង់ ១៥,០០០ករណីក្នុងមួយថ្ងៃ កាលពីអំលុងសប្តាហ៍ មុនថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ក្រោយពីមនុស្សម្នារាប់លាននាក់ បានធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេ នៅតាមទីជនបទ និងទៅកាន់កន្លែងទេសចរណ៍នានានោះ។

ក្រសួងសុខាភិបាលវៀតណាមបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការកើនឡើងនៃការធ្វើដំណើរ នឹងនាំឱ្យមានហានិភ័យនៃការឆ្លង (COVID-19) កាន់តែច្រើនក្នុងចំណោមសហគមន៍ រួមទាំងហានិភ័យនៃការរីករាលដាល វីរុសបំប្លែងថ្មី Omicron ផងដែរ។ ប្រសិនបើមិនមានការគ្រប់គ្រងបានល្អទេ នោះចំនួនករណីឆ្លង ក្នុងស្ថានភាពធ្ងន់ធ្ងរនឹងកើនឡើង ដែលនឹងដាក់សម្ពាធបន្ថែមទៀត លើប្រព័ន្ធសុខាភិបាល និងបណ្ដាលឲ្យមានមនុស្សស្លាប់ដោយចៀសមិនរួច»

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃពុធកន្លងទៅនេះ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២៣,៩៥៦ករណី និងអ្នកជំងឺ ៩៣នាក់ស្លាប់ ក្នុងរយៈពេល ២៤ម៉ោង។ គិតត្រឹមថ្ងៃទី០៩ ខែកុម្ភៈ វៀតណាមមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,៤០៤,៦៥១ករណី ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២,១៩៦,៦០២នាក់ ចំណែកអ្នកស្លាប់សរុបមានចំនួន ៣៨,៦១៤នាក់៕