(ប៉េកាំង)៖ «ចាប់តាំងពីរថភ្លើងចិនត្រូវបានដាក់ឱ្យប្រើប្រាស់កន្លងមក ដើមទុនដឹកជញ្ជូនតាមខ្សែ Saint Martin ត្រូវបានកាត់បន្ថយ៤០ភាគរយ អតិថិជនដែលធ្លាប់បាត់បង់ទាំងនោះបានជ្រើសរើសការដឹកជញ្ជូនតាមផ្លូវដែកជាថ្មីឡើងវិញ»។ អ្នកបើកបរឡានដឹកទំនិញម្នាក់របស់អាហ្សង់ទីន បានថ្លែងដូចពោលខាងលើនេះ។ ក្រោមការជំរុញនៃគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់និងផ្លូវ» ចិននិងអាហ្សង់ទីនបានធ្វើកិច្ចសហប្រតិបត្តិការខាងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូច្នេះ នាំឱ្យផលិតផលនៃតំបន់ផលិតស្បៀងរបស់អាហ្សង់ទីន ដែលត្រូវគេប្រៀបប្រដូចជា «ឃ្លាំងស្បៀងពិភពលោក» អាចជ្រើសរើសការដឹកជញ្ជូនតាមផ្លូវដែកដែលមានដើមទុនទាប ដើម្បីដើរតួនាទីនៃឧត្តមភាពខាងតម្លៃឡើងវិញ ក្នុងការប្រកួតប្រជែងអន្តរជាតិ។

ពេលថ្មីៗកន្លងទៅនេះ ក្នុងអំឡុងពេលលោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនមកបំពេញទស្សនកិច្ចនៅប្រទេសចិន អាហ្សង់ទីននិងចិនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាអំពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» និងបានក្លាយជាសមាជិកក្នុងមហាគ្រួសារនៃ «ខ្សែក្រវាត់និងផ្លូវ» ជាផ្លូវការ។ ឥស្សរជនបានធ្វើការវិភាគថា ការចូលរួមគំនិតផ្តួចផ្តើមនេះជាផ្លូវការនឹងជំរុញឱ្យ អាហ្សង់ទីនជីកកកាយសក្តានុពលក្នុងការរីកចម្រើន និងកិច្ចសហប្រតិបត្តិការឥតឈប់ឈរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យថ្មីដូចជា ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចឌីជីថលរហូតដល់កិច្ចសហប្រតិបត្តិការនៅប៉ូលខាងត្បូងជាដើម។

មិនត្រឹមតែប្រទេសអាហ្សង់ទីនប៉ុណ្ណោះទេ បណ្តាប្រទេសអាមេរិកឡាទីនបានសម្តែងការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់និងផ្លូវ» ជាប់រហូតមក។ គិតមកទល់បច្ចុប្បន្ននេះ ប្រទេសអាមេរិកឡាទីនចំនួន២០ ដែលបូករួមទាំងអាហ្សង់ទីន ឈីលីនិងប៉េរូជាដើមបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាអំពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» រួចហើយ។

ពីកំពង់ផែ Paranagua របស់ប្រេស៊ីលទទួលបានឱកាសអភិវឌ្ឍន៍ជាថ្មីឡើងវិញ ដល់អាហារឆ្ងាញ់របស់កូឡុំប៊ីក្លាយជាចំណុចក្តៅ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបួន រហូតដល់វ៉ាក់សាំងរបស់ចិនត្រូវគេប្រៀបធៀបថា ជា «ភ្លៀងទាន់ពេលវេលា» ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់ប្រទេសអាមេរិកឡាទីន កិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកឡាទីន ដែលមានភាពកាន់តែជិតស្និទ្ធថែមទៀត មិនត្រឹមតែបានលើកកម្ពស់កម្រិតហេដ្ឋារចនាសម្ព័ន្ធរបស់អាមេរិកឡាទីនប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតជាឱកាសការងារក្នុងតំបន់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងផ្តល់ការធានាដល់ការអភិវឌ្ឍផងដែរ។ តាមទិន្នន័យដែលរដ្ឋបាលជាតិគយចិនបានប្រកាសឱ្យដឹងថា ទំហំសរុបនៃការនាំចេញនាំចូល រវាងចិននិងប្រទេសអាមេរិកឡាទីននៅឆ្នាំ២០២១ ប្រហែលជា៤សែន៥ម៉ឺន១ពាន់៥៩១លានដុល្លារអាមេរិក ដែលកើនឡើង៤១.១ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២០។

ក្នុងរយៈពេលជាង៨ឆ្នាំកន្លងមក ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ជាង២០០ច្បាប់ជាមួយនឹងប្រទេសចំនួនជិត១៥០ និងអង្គការអន្តរជាតិចំនួន៣២ ព្រមទាំងបានបង្កើតយន្តការសហប្រតិបត្តិការទ្វេភាគីជាង៩០។ ហេតុអ្វីបានជា «ក្រុមមិត្តភក្តិ» នៃគំនិតផ្តួចផ្តើមនេះកាន់តែច្រើនឡើងៗ? ពីព្រោះវាសម្របទៅតាមតម្រូវការនៃការអភិវឌ្ឍរួម របស់ប្រទេសនានាលើពិភពលោកដែលបូករួមទាំងប្រទេសអាមេរិកឡាទីន សម្របទៅតាមគោលបំណងយ៉ាងខ្លាំងរបស់ប្រជាជននៃប្រទេសនានា ដែលចង់មានជីវភាពរស់នៅកាន់តែល្អប្រសើរ ដូច្នេះ បានក្លាយជាផលិតផលសាធារណៈ ដែលទទួលប្រជាប្រិយភាពបំផុតលើទូទាំងពិភពលោក។

អាចប៉ាន់ប្រមាណថា ក្រោមក្របខ័ណ្ឌនៃ «ខ្សែក្រវាត់និងផ្លូវ» ទន្ទឹមនឹងការត្រួសត្រាយឥតឈប់ឈរ នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្សង់ទីននៅពេលអនាគត ពេលជនជាតិអាហ្សង់ទីនម្នាក់ជួបនឹងជនជាតិចិនម្នាក់នោះ ក្រៅពីលោក Lionel Messi ដែលជាតារាបាល់ទាត់ដ៏ល្បីឈ្មោះ ពួកគេក៏អាចសន្ទនាគ្នាអំពីខ្លឹមសារកាន់តែច្រើនឡើងៗ។