(សេអ៊ូល)៖ រូបភាពពីផ្កាយរណបបានបង្ហាញឱ្យឃើញនូវ ទិដ្ឋភាពដែលត្រូវគេសង្ស័យអាចជាការត្រៀមលក្ខណៈ សម្រាប់ធ្វើព្យុហយាត្រាយោធា នៅប្រទេសកូរ៉េខាងជើង ស្របពេលដែលប្រទេសកូរ៉េមួយនេះ ត្រូវគេរំពឹងថា អាចនឹងសម្ញែងភាពរីកចម្រើនថ្មីៗក្នុងវិស័យយោធារបស់ខ្លួន ឬមួយក៏បាញ់តេស្តមីស៉ីលបន្ថែមទៀត នៅក្នុងឱកាសគម្រប់ខួបសំខាន់ៗ ដែលនឹងមកដល់នាពេលខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

វែបសាយអាមេរិក 38 North ដែលជំនាញខាងតាមដានព្រឹត្តិការណ៍កូរ៉េខាងជើង បានឱ្យដឹងក្នុងរបាយការណ៍ថា កងទ័ពរាប់រយនាក់ ត្រូវបានមើលឃើញថា ស្ថិតក្នុងការឈរជាក្បួន នៅកន្លែងហាត់សមព្យុហយាត្រា មីរីម (Mirim) ក្នុងទីក្រុងព្យុងយ៉ាង ខណៈកន្លែងហាត់សមនោះ ត្រូវបានបង្កើតឡើងដើម្បីធ្វើជាទីតាំងគំរូនៃទីលាន គីម អ៉ីលស៊ុង ដែលជាកន្លែងប្រារព្ធព្យុហយាត្រាយោធាជាទូទៅរបស់កូរ៉េខាងជើង។

របាយការណ៍ដដែលបានបន្ថែមថា ក្រៅពីនេះ រថយន្តក្រុងរហូតដល់ជាង២៤០គ្រឿង ក៏ត្រូវបានឃើញចតនៅក្បែរកន្លែងហាត់សមផងដែរ ប៉ុន្តែហាក់មិនឃើញសញ្ញានៃគ្រឿងបរិក្ខាយោធាសំខាន់ៗ ដូចជាមីស៉ីលបាលីស្ទិកនោះឡើយ។ បើតាមវែបសាយ 38 North ប្រការនេះអាចមានន័យថា ក្នុងពិធីព្យុហយាត្រាយោធាដែលអាចកើតឡើងនោះ ប្រហែលមានការចូលរួមភាគច្រើនតែពីសំណាក់កងទ័ពប៉ុណ្ណោះ ឬមួយក៍បរិក្ខាយោធាមិនទាន់មកដល់នៅឡើយ។

គួរបញ្ជាក់ថា កូរ៉េខាងជើងគ្រោងអបអរគម្រប់៨០ឆ្នាំ របស់អតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៉ីល នៅថ្ងៃទី១៦ ខែកុម្ភៈ និងគម្រប់១១០ឆ្នាំ របស់បិតាស្ថាបនិកកូរ៉េខាងជើងគឺ លោក គីម អ៉ីលស៊ុង ដែលត្រូវជាជីតារបស់លោក គីម ជុងអ៊ុន នៅថ្ងៃទី១៥ ខែមេសា។ កូរ៉េខាងជើងត្រូវគេរំពឹងថា អាចនឹងយកឱកាសបុណ្យដ៏សំខាន់ទាំងនេះ ដើម្បីសម្ញែងអានុភាពយោធារបស់ខ្លួន តាមរយៈការរៀបចំព្យុហយាត្រាយោធា៕