(ហ្សាការតា)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រទេសឥណ្ឌូណេស៉ីទើបតែបានចាប់ផ្តើមការធ្វើតេស្ត វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍដោយខ្លួនឯង ទៅលើមនុស្សហើយ បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យធ្វើយ៉ាងដូច្នោះ ពីសំណាក់អាជ្ញាធរនិយតករឱសថ ស្របពេលដែលប្រទេសអាស៊ានមួយនេះ កំពុងប្រឈមនឹងការឆ្លងរាលដាលកើនឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

វ៉ាក់សាំង COVID-19 ដែលឥណ្ឌូណេស៉ីអភិវឌ្ឍផ្ទាល់ដៃ មានឈ្មោះថា ម៉េរ៉ា ពូទី (Merah Putih) និងស្ថិតក្រោមការស្រាវជ្រាវរបស់ សាកលវិទ្យាល័យអ៊ែរឡាំងហ្កា (Airlangga University) ហើយនិងក្រុមហ៊ុនឱសថ បាយអូទីស (Biotis)។ អាជ្ញាធរឥណ្ឌូណេស៉ីសង្ឃឹមថា ប្រសិនបើការធ្វើតេស្តលើមនុស្សទទួលបានជោគជ័យ វ៉ាក់សាំង Merah Putih នឹងអាចត្រូវយកទៅប្រើប្រាស់បាន នៅក្នុងឆ្នាំ២០២២នេះតែម្តង។

ការធ្វើតេស្តដំណាក់កាលទី១ នឹងមានការចូលរួមពីអ្នកស្ម័គ្រចិត្តចំនួន៩០នាក់ ខណៈការធ្វើតេស្តដំណាក់កាលទី២ នឹងមាន៤០៥នាក់។ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៉ី លោក ប៊ូឌី ហ្គូណាឌី សាឌីគីន (Budi Gunadi Sadikin) បាននិយាយថា វ៉ាក់សាំង Merah Putih ត្រូវបានគ្រោងនឹងប្រើប្រាស់ នៅក្នុងដំណាក់កាលក្រោយៗ នៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ឥណ្ឌូណេស៉ី ហើយក៏អាចត្រូវយកទៅបរិច្ចាគដល់ ប្រទេសដទៃទៀតដែលខ្វះខាតផងដែរ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រជាជនឥណ្ឌូណេស៉ីទើបតែខ្ទង់៥០ភាគរយប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ក្នុងចំណោមប្រជាជនសរុបចំនួនជាង២៧០លាននាក់ ហើយចំនួនអ្នកដែលបានចាក់ដូសជំរុញ គឺមានត្រឹម៥លាននាក់។ រីឯករណីឆ្លងប្រចាំវិញ គឺឥណ្ឌូណេស៉ីបានមើលឃើញ វាលោតដល់ខ្ទង់ម៉ឺននាក់ជាថ្មីឡើងវិញ ដោយសារតែវីរុសបំប្លែងថ្មី Omicron បន្ទាប់ពីចុះអន់ថយកាលពីអំលុងចុងឆ្នាំមុន៕