(សិង្ហបុរី)៖ ស្ថាប័នប៉ូលិសអន្តរជាតិ អាំងទែរប៉ូល (Interpol) នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា នឹងមិនផ្ដល់ជំនួយដល់បណ្ដាប្រទេសទាំងឡាយណា ដែលកំពុងនៅក្រោមស្ថានភាព ជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយ នៅក្នុងស្រុកនោះទេ។ ការប្រកាសបែបនេះបានកើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានស្នើសុំជំនួយពីស្ថាប័នអន្តរជាតិមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន Interpol បានគូសបញ្ជាក់ដូច្នេះថា «Interpol នឹងមិនផ្ដល់ជំនួយ ឆ្លើយតបទៅនឹងការស្នើទាំងឡាយណា ដែលធ្វើឱ្យស្ថាប័នមួយនេះធ្លាក់ចូល ឬជាប់ជំពាក់ជំពិននឹងនយោបាយក្នុងស្រុក របស់ប្រទេសណាមួយនោះទេ ដូចជាការស្នើពីក្រុមគូប្រជែងនយោបាយ, ក្រុមអ្នករិះគន់រដ្ឋាភិបាល ឬក៏នៅក្នុងបរិបទនៃការធ្វើរដ្ឋប្រហារជាដើម»

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅនេះ, ក្រសួងការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា ខ្លួនបានស្នើសុំជំនួយពីស្ថាប័នធ្វើការពាក់ព័ន្ធនឹង សន្តិសុខអន្តរជាតិជាច្រើន ក្នុងនោះរួមមានទាំងប៉ូលិស Interpol ដើម្បីជួយបង្រ្កាបបណ្ដាញភេរវករ ដោយពួកគេចង់សំដៅទៅលើ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធតស៊ូប្រឆាំងនឹង របបយោធារបស់លោក មីង អោង ឡាំង៕