(ម៉ូស្គូ)៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ីមួយរូប កាលពីថ្ងៃពុធសប្តាហ៍នេះ បានចេញមុខចោទប្រកាន់ទៅលើ បណ្តាប្រទេសលោកខាងលិចថា បាននិងកំពុងបង្កើនភាពតានតឹង តាមរយៈការសម្រុកផ្គត់ផ្គង់សព្វាវុធ ទៅឲ្យប្រទេសអ៊ុយក្រែន ចំពោះមុខការបង្កើនចំនួនយោធា និងសព្វាវុធរបស់រុស្ស៊ីនៅតាមតំបន់ព្រំដែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

រុស្ស៊ីត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថា បានដាក់ពង្រាយកងទ័ពរហូតដល់ទៅ ១០០,០០០នាក់ និងសព្វាវុធជាច្រើនទៀត នៅលើទឹកដីក្បែរព្រំដែនអ៊ុយក្រែន ដោយទីក្រុងម៉ូស្គូបានអះអាងថា ជាការធ្វើសមយុទ្ធយោធា ដើម្បីត្រៀមទប់ទល់ការឈ្លានណាមួយ។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានអះអាងថា រុស្ស៊ីកំពុងត្រៀមវាយលុកអ៊ុយក្រែន នៅក្នុងខែកុម្ភៈនេះ បើទោះបីជាទីក្រុងម៉ូស្គូបានចេញមុខច្រានចោល ការចោទប្រកាន់បែបនេះ ជាច្រើនលើករួចមកហើយក្តី។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បានថ្លែងយ៉ាងដូច្នេះថា «ការផ្តល់ជំនួយយោធា (សព្វាវុធ) ទៅដល់ប្រទេសអ៊ុយក្រែន គឺជាការគំរាមកំហែង និងបង្កើនសម្ពាធពីសំណាក់លោកខាងលិច។ អ្វីៗគ្រប់យ៉ាងដែលកើតឡើង ជុំវិញការសម្រុកផ្តល់ជំនួយឲ្យអ៊ុយក្រែនដូចជា គ្រឿងបរិក្ខា, គ្រាប់កាំភ្លើង, សម្ភារៈយោធា, រួមទាំងអាវុធសាហាវៗ គឺជាចេតនាដាក់សម្ពាធនយោបាយ បន្ថែមមកលើពួកយើង ហើយក៏ប្រហែលជាការដាក់សម្ពាធ ផ្នែកយុទ្ធសាស្ត្រយោធាផងដែរ»

គួរបញ្ជាក់ថា ការចោទប្រកាន់ពីសំណាក់រុស្ស៊ីខាងលើនេះ បានកើតមានឡើងបន្ទាប់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាដើម បានបង្កើនការផ្គត់ផ្គង់អាវុធ ទៅដល់ប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានដូចជា មីស៊ីលប្រឆាំងរថក្រោះ និងម៉ាស៊ីនបាញ់មីស៊ីលជាដើម ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន។ ដោយឡែក សម្រាប់ប្រទេសអាល្លឺម៉ង់វិញ បានត្រឹមជួយផ្គត់ផ្គង់អ៊ុយក្រែននូវមួកសុវត្ថិភាព និងគ្រឿងបរិក្ខាផ្សេងៗទៀត ដែលមិនមែនជាអាវុធជាតិផ្ទុះប៉ុណ្ណោះ ព្រោះតែទីក្រុងប៊ែរឡាំង គ្មានគោលនយោបាយបញ្ជូនសព្វាវុធ ទៅកាន់តំបន់ជម្លោះនានានោះឡើយ៕