(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានចេញសារព្រមានមួយ នៅថ្ងៃព្រហស្បតិ៍នេះថា ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ឬគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ឡើងវិញពីសំណាក់ប្រទេសកូរ៉េខាងជើង នឹងរុញច្រានឲ្យឧបទ្វីបកូរ៉េទាំងមូល ធ្លាក់ចូលក្នុងវិបត្តិភ្លាមៗ ហើយលោកបានជំរុញឲ្យគ្រប់គ្នាស្វែងរកដំណោះស្រាយ ដើម្បីទប់ស្កាត់រឿងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

ភាពតានតឹងខ្លាំងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ បានកក្រើកឡើងវិញ បន្ទាប់ពីការធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង កាលពីខែមករា ដើមឆ្នាំ២០២២នេះ ខណៈសកម្មភាពដែលត្រូវបានហាមឃាត់ ដោយក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិនេះ មិនត្រូវបានប្រព្រឹត្តដោយប្រទេសនេះ តាំងតែពីចុងឆ្នាំ ២០១៧ មកម្ល៉េះ។ លោក គីម ជុងអ៊ុន ឈានចូលដល់ឆ្នាំ ២០២២ នេះបានឲ្យតំរុយថា កូរ៉េខាងជើងនឹងធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ឡើងវិញ។

លោក មូន ចេអ៊ីន បានគូសបញ្ជាក់តាមរយៈបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា «ប្រសិនបើកូរ៉េខាងជើង ឈានជើងទៅកាន់តែឆ្ងាយ រហូតដល់ការធ្វើសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដែលត្រូវបានហាមឃាត់នោះ ឧបទ្វីបកូរ៉េអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិភ្លាមៗ ដូចដែលយើងបានជួបប្រទះកាលពី ៥ឆ្នាំមុន។ ការទប់ស្កាត់វិបត្តិបែបនេះ តាមរយៈកិច្ចសន្ទនា និងផ្លូវការទូតជាប់លាប់ នឹងក្លាយជាកិច្ចការដែលមេដឹកនាំនយោបាយ នៅក្នុងប្រទេសពាក់ព័ន្ធនានា ត្រូវតែរួមគ្នាបំពេញ»

ប្រធានាធិបតីកូរ៉េខាងត្បូង ថែមទាំងបានសម្តែងក្តីព្រួយបារម្ភទៀតថា ការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ពីសំណាក់កូរ៉េខាងជើង គឺបានកើតមានឡើងកៀកទៅនឹង ការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ (DP) របស់លោក កំពុងស្ថិតក្នុងការប្រកួតដ៏តឹងតែង ជាមួយគណបក្សអភិរក្សនិយម ដែលជាគូប្រជែង៕