(ប៊ុយការ៉េស)៖ ក្រសួងការពារជាតិរូម៉ានី នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថាកងទ័ពអាមេរិកដែលត្រូវបានបញ្ជូនចេញពីប្រទេសអាល្លឺម៉ង់ នឹងធ្វើដំណើរ មកដល់ប្រទេសរូម៉ានី នៅយប់ថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ចំពោះមុខភាពតានតឹងជាមួយរុស្ស៊ី ដែលកំពុងបង្កើនសកម្មភាពយោធានៅក្បែរតំបន់ ព្រំដែនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

សហរដ្ឋអាមេរិក បានប្រកាសបញ្ជូនកងទ័ពរបស់ខ្លួនជិត ៣,០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ និងរូម៉ានី ដើម្បីពង្រឹងខ្សែការពារតំបន់អឺរ៉ុបខាងកើត ហើយ កងទ័ពដែលត្រូវបានបញ្ជូនចេញពីទីក្រុងវីលសិក (Vilseck) ប្រទេសអាល្លឺម៉ង់ មកកាន់រូម៉ានី គឺកងអនុសេនាធំអាមេរិកស្រ្តាយឃ័រ (Stryker)។ បើតាម ក្រសួងការពារជាតិរូម៉ានី ការបញ្ជូនកងអនុសេនាធំនេះនឹងធ្វើដំណើរមកដល់រូម៉ានី នៅម៉ោង ២០៖០០នាទីយប់ ថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) រួចទើប ធ្វើដំណើរទៅកាន់មូលដ្ឋានទ័ព មីហៃ កូហ្កាល់នីសូនូ (Mihail Kogalniceanu) ស្ថិតនៅភាគខាងកើតទីក្រុងកុងស្ដង់តា (Constanta)។

គួរបញ្ជាក់ថា កងទ័ពអាមេរិកបានប្រើប្រាស់មូលដ្ឋានទ័ពអាកាស Mihail Kogalniceanu ក្នុងតំបន់សមុទ្រខ្មៅ ចាប់តាំងពីឆ្នាំ១៩៩៩។ រូម៉ានីគឺជាសមាជិករបស់ អង្គការ NATO កាលពីឆ្នាំ២០០៤ ហើយក៏បានទទួលដំឡើងប្រព័ន្ធមីស៊ីលបាលិស្ទីគអាមេរិកផងដែរ៕