(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធសប្ដាហ៍នេះ បានជំរុញឱ្យបណ្ដាប្រទេសអ្នកមានទំាងអស់ចូលរួមចំណែកបរិច្ចាគប្រាក់ ១៦ពាន់លានដុល្លារ ដែលត្រូវការជាចាំបាច់សម្រាប់ផែនការកម្ចាត់ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមអង្គការ WHO កញ្ចប់ថវិកាបន្ទាន់ខាងលើនឹងជួយបង្កើនប្រសិទ្ធភាពនៃផែនការរបស់ខ្លួនឈ្មោះថា ACT-A ដែលអាចនឹងលុប COVID-19 ចេញពីភាពអាសន្នសុខាភិបាលសកល នៅក្នុងឆ្នាំ២០២២នេះ។ ACT-A មានគោលដៅអភិវឌ្ឍ, ផលិត, ទិញ និងចែកចាយឧបករណ៍ទប់ស្កាត់ COVID-19 ក្នុងនោះរួមមាន វ៉ាក់សាំង, ការធ្វើតេស្ដ, ការព្យាបាល និងសម្លៀកបំពាក់ការពារសម្រាប់ក្រុមគ្រូពេទ្យ។

គួរបញ្ជាក់ថា ACT-A ត្រូវការកញ្ចប់ថវិកា ២៣.៤ពាន់លានដុល្លារ សម្រាប់កម្មវិធីរបស់ខ្លួនដែលមានរយៈពេលរាប់ចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែកញ្ញា ឆ្នាំ២០២២។ ប៉ុន្តែ មកទល់នឹងពេលនេះ ផែនការមួយនេះរៃអង្គាសបានប្រាក់ត្រឹមតែ ៨០០លានដុល្លារប៉ុណ្ណោះ៕