(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន (Lloyd Austin) បានថ្លែងនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា លោកបានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុន អំពីការគំរាមកំហែងនានា បង្កឡើងដោយការធ្វើតេស្តគ្រាប់មីស៊ីលកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

ភាពតានតឹងក្នុងតំបន់ឧបទ្វីបកូរ៉េ បានកក្រើកឡើងវិញ បន្ទាប់ពីការធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង នៅដើមឆ្នាំ ២០២២ នេះ ខណៈសកម្មភាពដែលត្រូវបានហាមឃាត់ ដោយក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិនេះ មិនត្រូវបានប្រព្រឹត្តដោយប្រទេសនេះ តាំងតែពីចុងឆ្នាំ ២០១៧ មកម្ល៉េះ។ អ្វីដែលបាននិងកំពុងធ្វើសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តព្រួយបារម្ភនោះ គឺគ្រាប់មីស៊ីលអាចហោះលឿនជាងល្បឿនសំឡេង (hypersonic missile) ដែលកូរ៉េខាងជើងទើបបានធ្វើតេស្តនោះឯង។

មន្ទីរការពារជាតិអាមេរិកបញ្ចកោណ បានចេញសេចក្តីថ្លែងការណ៍មួយ នៅក្រោយជំនួបខាងលើនេះថា «ប្រមុខការពារជាតិទាំងឡាយបានសង្កត់ធ្ងន់ថា ការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង កំពុងបង្កឱ្យមានអស្ថិរភាព ដល់សន្តិសុខក្នុងតំបន់ និងជាការបំពានយ៉ាងច្បាស់ទៅលើដំណោះស្រាយនានា នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានថ្លែងបែបអួតអាងថា ខ្លួនគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច នៅលើពិភពលោកដែលមាន អាវុធនុយក្លេអ៊ែរ និងមីស៊ីលទំនើបៗ ព្រមទាំងជាប្រទេសតែមួយគត់ ដែលហ៊ានប្រឆាំងជាមួយសហរដ្ឋអាមេរិក ដោយអង្រួនពិភពលោក តាមរយៈការធ្វើតេស្ដមីស៊ីល។ កាលពីខែមករាកន្លងទៅ របបដឹកនាំលោក គីម ជុងអ៊ុន បានធ្វើតេស្ដមីស៊ីលដល់ទៅ ៧លើក ដោយមានទាំងមីស៊ីលល្បឿនលឿនជាងសំឡេង និងមីស៊ីល វ៉ាសុង ១២ (Hwasong-12) ជាប្រភេទមីស៊ីលមានសមត្ថភាព បាញ់ដល់មូលដ្ឋានទ័ព ឬដែនដីរបស់សហរដ្ឋអាមេរិក នៅមហាសមុទ្រប៉ាស៊ីហ្វិក៕