(ឌូបៃ)៖ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ IRNA បានរាយការណ៍ឲ្យដឹងនៅថ្ងៃអង្គារ ទី៨ ខែកុម្ភៈនេះថា មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានចោទប្រកាន់លោក Joe Biden និងលោក Donald Trump ពីបទធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិក ក្នុងការរិះគន់ដោយផ្ទាល់ដ៏កម្រទៅលើប្រធានាធិបតីអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។

លោក Khamenei បាននិយាយដោយមិនលម្អិតច្បាស់ថា «ប៉ុន្មានថ្ងៃនេះ សហរដ្ឋអាមេរិកកំពុងទទួលរងនូវការវាយប្រហារ ដែលមិននឹកស្មានដល់។ ប្រធានាធិបតីអាមេរិកទាំងពីររូបនាពេលបច្ចុប្បន្ន និងអតីតកាលបានសហការគ្នាដើម្បីធ្វើឱ្យខូចមុខមាត់របស់សហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា អ៉ីរ៉ង់ និងសហរដ្ឋអាមេរិកបានបន្តកិច្ចចរចាដោយប្រយោលនៅទីក្រុងវីយែននៅថ្ងៃអង្គារនេះ ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកខ្លួនពីឆ្នាំ២០១៨។

ខណៈពេលដែលក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា ការចរចាកំពុងឈានចូលដល់ «ដំណាក់កាលចុងក្រោយ» មន្ត្រីអ៉ីរ៉ង់បានប្រកាសថា ផ្នែកនៃការទាមទាររបស់ពួកគេលើការដកទណ្ឌកម្មរហូតមកដល់ពេលនេះ មិនទាន់ត្រូវបានដោះស្រាយនៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែននៅឡើយទេ។

ភាគីទាំងពីរនិយាយថា ពួកគេរង់ចាំការសម្រេចចិត្តចុងក្រោយផ្នែកនយោបាយពីភាគីម្ខាងទៀត ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ៕