(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន និងកំពុងប្រឈមមុខនឹងភាពស្មុគស្មាញសាជាថ្មី បន្ទាប់ពីរដ្ឋមន្ត្រីចំនួន៧រូប បានធ្វើពហិការ ចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃអង្គារនេះ ដែលនេះត្រូវបានគេមើលឃើញថាជាសញ្ញាមួយបង្ហាញពីការបែកបាក់ផ្ទៃក្នុង នៃជួររដ្ឋាភិបាលចម្រុះមាន ចំនួន១៨គណបក្ស ដឹកនាំដោយលោក ប្រាយុទ្ធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

ការធ្វើពហិការរបស់ក្រុមរដ្ឋមន្ត្រី មកពីគណបក្សភូមិចៃថៃ (Bhumjaithai Party) ដែលជាគណបក្សធំទី២ នៅក្នុងរដ្ឋាភិបាលចម្រុះថៃ អាចនឹងក្លាយជារឿង ដ៏អាម៉ាស់មួយសម្រាប់លោក បា្រយុទ្ធ ក្រោយគណបក្សរបស់លោក គឺប៉ាឡាំង ប្រាចារ៉ាត់ (Palang Pracharat) កាលពីសប្ដាហ៍មុន ទើបតែបានបណ្ដេញ សមាជិកសភារបស់ខ្លួន ២១រូប ចេញពីបក្ស ដោយចោទថាពួកគេបានបង្កការបែកបាក់សាមគ្គី។

គួរបញ្ជាក់ថា ការធ្វើពហិការខាងលើ គឺជាការបង្ហាញការជំទាស់ទៅនឹងគម្រោងមួយរបស់រដ្ឋាភិបាលលោក ប្រាយុទ្ធ ដែលចង់ពន្យារសុពលភាពនៃការផ្ដល់ សម្បទានរយៈពេល ៣០ឆ្នាំ ដល់ក្រុមហ៊ុនសម្ព័ន្ធ BTS Group Holdings ក្នុងការធ្វើប្រតិបត្តិការប្រព័ន្ធផ្លូវដែក ក្នុងទីក្រុងបាងកក៕